ក្រុមហ៊ួទី បាននិយាយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិ Sanaa បានបន្តសកម្មភាពធម្មតាឡើងវិញ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ ដែលបានធ្វើឡើងដោយអ៊ីស្រាអែល។
ក្រុមហ៊ួទី បានបន្ថែមថា អាកាសយានដ្ឋានឥឡូវនេះ មានសមត្ថភាពបច្ចេកទេស ក្នុងការទទួលជើងហោះហើរស៊ីវិល យន្តហោះរបស់អង្គការសហប្រជាជាតិ និងការបញ្ជូនជំនួយមនុស្សធម៌គ្រប់ពេល។
យន្តហោះចម្បាំងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយក្រុមហ៊ួទី នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Sanaa និងស្ថានីយថាមពល Hezyaz និង Ras Kanatib ទាំងពីរដែលមានទីតាំងនៅតំបន់ ដែលគ្រប់គ្រងដោយហ៊ួទី ក៏ដូចជាកំពង់ផែ Hodeidah, Salif និង Ras Kanatib នៅឆ្នេរសមុទ្រភាគខាងលិច។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ក្រុមឧទ្ទាមហ៊ួទី បានប្រើប្រាស់ទីតាំងទាំងនោះ ដើម្បីរត់ពន្ធអាវុធអ៊ីរ៉ង់ ចូលទៅក្នុងតំបន់ និងសម្រាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចេញចូល។
អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសាធារណការ លោក Yahya Al-Sayani បាននិយាយថា៖«ថ្ងៃនេះ(ថ្ងៃសុក្រ) យើងបានបន្តការហោះហើរ និងការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Sanaa តាមការគ្រោងទុក។ ជើងហោះហើរដំបូង នឹងចេញនៅម៉ោង ១០:00 ព្រឹក។
ក្រុមនេះ ក៏បានរិះគន់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ ដែលបានបំផ្លាញប៉មត្រួតពិនិត្យ និងឧបករណ៍ជាច្រើន នៅព្រលានយន្តហោះ។

