ប្រទេសអារ៉ាប់រួម (UAE) កាលពីថ្ងៃសុក្រ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការដុតមន្ទីរពេទ្យ Kamal Adwan នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប ដោយកងទ័ពអ៊ីស្រាអែល ដែលបានបង្ខំអ្នកជំងឺ និងបុគ្គលិកពេទ្យ ឲ្យជម្លៀសចេញ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសរបស់ខ្លួន អេមីរ៉ាតអារ៉ាប់រួម បាន សម្តែងការបដិសេធរបស់ខ្លួនចំពោះទង្វើនេះ ដោយពណ៌នាថាវា ជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ»នៃច្បាប់មនុស្សធម៌អន្តរជាតិ និងជាផ្នែកនៃ «ការវាយប្រហារជាប្រព័ន្ធ»លើប្រព័ន្ធថែទាំសុខភាពដ៏ផុយស្រួយ នៅតំបន់ ហ្កាហ្សា។
ក្រសួងបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារជនស៊ីវិល និងស្ថាប័នស៊ីវិល។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«ស្ថានភាពបច្ចុប្បន្នតំណាងឲ្យភាពអាសន្នផ្នែកមនុស្សធម៌ដ៏មហន្តរាយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់»។
ប្រទេសអារ៉ាប់រួម ក៏បានជំរុញសហគមន៍អន្តរជាតិឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត នៅក្នុង «ទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល» និងគាំទ្ររាល់គំនិតផ្តួចផ្តើម ដែលមានបំណងសម្រេចបាននូវសន្តិភាពដ៏ទូលំទូលាយ និងយុត្តិធម៌។

