
ភ្នំពេញ៖ នៅថ្ងៃទី២ ខែវិច្ឆិកានេះ គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ_១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់បុគ្គលស្ម័គ្រចិត្តចាក់វ៉ាក់សាំងលេខរៀងទី១០លាន ស្ថិតនៅខេត្តសៀមរាប។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណះកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលហៅកាត់ គ.វ.ក.១៩ នៅថ្ងៃទី០២ខែវិច្ឆិកានេះ បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាថវិកាចំនួន១០លានរៀង និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនទៅដល់បុគ្គលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-19 លេខរៀងទី១០លាន គឺស្ត្រីឈ្មោះ សុខ ផាន់ អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងឱកាសនោះ ស្ត្រីវ័យជិត ៩០ ឆ្នាំរូបនេះ បានឱ្យដឹងដែរថា មូលហេតុទៅចាក់វ៉ាក់សាំងគឺដើម្បីកា រពារកុំឱ្យឆ្លងជំងឺកូវីដ-19 ដោយជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
គាត់បន្តថា អំណោយដែលទទួលបាននៅពេលនេះ គឺទុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងមួយចំណែកទៀត ទុកសម្រាប់ធ្វើបុណ្យទាន។
លោកជំទាវវេជ្ជបណ្ឌីត ឱ វណ្ណឌីន បានមានប្រសាសន៍ដែរថា ក្រោមការគិតគូរ និងយកចិត្ដទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-19 សម្រេចគោលដៅ១០លាននាក់នៅត្រឹមថ្ងៃទី៣១ខែតុលាកន្លងទៅនេះ សម្រេចមុនផែនការដែលបានគ្រោងទុកជាច្រើនខែ។
លើសពីនេះ លោកជំទាវក៏បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិត និងបន្តអនុវត្តន៍វិធានកាសុខាភិបាល៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
គិតត្រឹមថ្ងៃទី០២ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស បានផ្តល់អំណោយជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំ ងកូវីដ ចំនួន១០នាក់ ក្នុងចំណោមមនុស្ស១០លាននាក់ ដែលស្ថិតនៅលេខរៀងទី១លាន ទី២លាន ទី៣លាន ទី៤លាន ទី៥លាន ទី៦លាន ទី៧លាន ទី៨លាន ទី៩លាន និងទី១០លាន៕ អត្ថបទ៖ ទូច សោភ័ណ