បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារតាមអាកាសទៅលើគោលដៅជាច្រើនទាក់ទងនឹងចលនាហ៊ួទីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ (២៦ ធ្នូ) មន្ត្រីជំនួយជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសយេម៉ែន លោក Julien Harneis បាននិយាយកាលពីថ្ងៃសុក្រ (២៧ ធ្នូ)ថា អាកាសយានដ្ឋាន Sanaa គឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវបានប្រើប្រាស់ដោយបុគ្គលិកជំនួយអន្តរជាតិ ដើម្បីចូលទៅកាន់ភាគខាងជើងនៃប្រទេសយេម៉ែន ដោយព្រមានថា៖«ប្រសិនបើព្រលានយន្តហោះនោះ ត្រូវបានបិទ វានឹងធ្វើឲ្យប្រតិបត្តិការមនុស្សធម៌ជាប់គាំង»។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖«ភាគីនៃជម្លោះមានកាតព្វកិច្ចដើម្បីធានាថា ពួកគេមិនធ្វើការវាយប្រហារលើគោលដៅស៊ីវិល» ។ «យើងមិនចាំបាច់បញ្ជាក់ថា យើងជាជនស៊ីវិលទេ។ ពួកគេត្រូវតែបង្ហាញថា ពួកគេកំពុងវាយប្រហារគោលដៅយោធា។ អាកាសយានដ្ឋាន Sanaa មិនមែនជាគោលដៅយោធា ចាប់តាំងពីឆ្នាំ ២០១៦ មក»។
អង្គការសហប្រជាជាតិនិយាយថា ប្រជាជនយេម៉ែនជាងពាក់កណ្តាល ប្រហែល ១៨លាននាក់ ត្រូវការជំនួយមនុស្សធម៌។ លោក Harneis បានប្រាប់អ្នកសារព័ត៌មានថា ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១៩ លាននាក់ នៅឆ្នាំក្រោយ ដោយសារតែស្ថានភាពសេដ្ឋកិច្ច កាន់តែអាក្រក់ឡើង នៅក្នុងប្រទេសនេះ។
លោកក៏បាននិយាយផងដែរថា ការវាយប្រហារតាមអាកាសលើកំពង់ផែ Hodeidah មានការព្រួយបារម្ភជាពិសេស ដោយសារវា «ចាំបាច់ណាស់» ពីព្រោះប្រទេសយេម៉ែន បាននាំចូលប្រហែល ៨០% នៃស្បៀងអាហាររបស់ខ្លួន។

