នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់លោក អាចនឹងបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីការរំពឹងទុកនៃការបញ្ចប់នៃការដឹកជញ្ជូន ឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥។
លោក Fico បាននិយាយនៅក្នុងការបង្ហោះវីដេអូ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ប្រសិនបើចាំបាច់ យើងនឹងបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ដែលអ៊ុយក្រែនត្រូវការយ៉ាងខ្លាំង ក្នុងអំឡុងពេលដាច់បណ្តាញអគ្គិសនីនេះ។ បើមិនដូច្នេះ យើងនឹងយល់ព្រមលើបន្តការផ្គត់ផ្គង់តទៅទៀត។
ការអត្ថាធិប្បាយរបស់លោក Fico ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសម្តែងការប្រឆាំងចំពោះការបន្តដឹកជញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ទៅកាន់ប្រទេសស្លូវ៉ាគី នៅពេលដែលកិច្ចសន្យាបច្ចុប្បន្ន ផុតកំណត់ នៅដើមឆ្នាំក្រោយ។
លោក Fico បានបន្ថែមថា តាមការប៉ាន់ប្រមាណ ការបញ្ចប់ការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន និងស្លូវ៉ាគី អាចធ្វើឲ្យសហភាពអឺរ៉ុបខាតបង់ប្រាក់ចំនួន ១២០ពាន់លានអឺរ៉ូ ក្នុងរយៈពេលពីរឆ្នាំខាង មុខ។ លោកបាននិយាយថា ប្រទេសស្លូវ៉ាគី នឹងខាតបង់រហូតដល់ទៅ ៥០០លានអឺរ៉ូ ក្នុងមួយឆ្នាំ ទៅលើថ្លៃដឹកជញ្ជូន។