រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃសុក្រ បានសម្តែងការព្រួយបារម្ភចំពោះ «ទង្វើនៃការបះបោរ» នៅក្នុងប្រទេសស៊ីរី ខណៈធានាថា អ៊ីរ៉ង់ស្វែងរកការលើកកម្ពស់ភាពស្ងប់ស្ងាត់ និងទប់ស្កាត់ភាពចលាចល នៅក្នុងប្រទេសនេះ។
លោកបានធ្វើការអត្ថាធិប្បាយ នៅក្នុងការបង្ហោះជាភាសាអារ៉ាប់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលមានប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍ ដែលចេញដោយសម្ព័ន្ធអារ៉ាប់ (AL) កាលពីថ្ងៃព្រហស្បតិ៍ដែលក្នុងនោះ ប្លុកក្នុងតំបន់ បានអំពាវនាវឲ្យអ៊ីរ៉ង់កុំជំរុញឲ្យមាន «ជម្លោះ» នៅក្នុងប្រទេសស៊ីរី។
ថ្លែងទៅកាន់សមាជិកសម្ព័ន្ធអារ៉ាប់( AL) លោក Araghchi បាននិយាយថា៖«យើងក៏ដូចអ្នកដែរ កំពុងស្វែងរកភាពស្ងប់ស្ងាត់ ជាជាងភាពចលាចល និងភាពវឹកវរ នៅក្នុងប្រទេសស៊ីរី»។
លោកបានបន្ថែមថា៖«ទោះជាយ៉ាងណាក៏ដោយ យើងមានការព្រួយបារម្ភអំពីទង្វើនៃការបះបោរ និងលេសដែលបង្កើតឡើង ដើម្បីបង្វែរការយកចិត្តទុកដាក់របស់សាធារណៈជន និងក្នុងតំបន់ ឆ្ពោះទៅរកការគំរាមកំហែងតាមការស្រមើស្រមៃ»។

