ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយសុំទោសមេដឹកនាំអាស៊ែបៃហ្សង់ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះស្លាប់មនុស្សរបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ នៅក្នុងប្រទេសកាហ្សាក់ស្ថាន ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីវិមានក្រឹមឡាំងបានឲ្យដឹងកាលពីថ្ងៃសៅរ៍ម្សិលមិញ ។
ការសុំទោសជាសាធារណៈដ៏កម្របំផុតពីលោក Putin វាខិតកាន់តែជិតបំផុតកាលដែលទីក្រុងម៉ូស្គូ ព្រមទទួលយកការស្តីបន្ទោសសម្រាប់ឧបទ្ទេវហេតុធ្លាក់យន្តហោះកាលពីថ្ងៃពុធ ។

បើទោះបីជាសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ពុំបាននិយាយថា រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះយ៉ាងណាក្តី ក៏គេកត់សំគាល់ឃើញថា ករណីឧក្រិដ្ឋកម្មមួយនេះ ត្រូវបានលាតត្រដាងឲ្យឃើញហើយដែរ ។
ជើងហោះហើរនេះ បានធ្លាក់ពេលចុះចតនៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ក្រោយបង្វែរទិសដៅហោះហើរចេញពីតំបន់ភាគខាងត្បូងប្រទេសរុស្ស៊ី ជាទីដែលយានដ្រូនអ៊ុយក្រែន ត្រូវបានរាយការណ៍ថា បានវាយប្រហារទីក្រុងជាច្រើនរបស់រុស្ស៊ី ។ មនុស្សយ៉ាងហោច ៣៨នាក់ ត្រូវបានសម្លាប់ ។
ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងនោះ គឺជាក្មេងប្រុសអាយុ ១៣ឆ្នាំ ដែលបានបញ្ចុះកាលពីថ្ងៃសៅរ៍នៅទីក្រុង Baku ។
សាច់ញាតិរបស់ក្មេងប្រុស និយាយថា ក្មេងប្រុសម្នាក់នេះ បានជិះយន្តហោះម្នាក់ឯងទៅកាន់ទីក្រុង Grozny ប្រទេសរុស្ស៊ី ដើម្បីទៅលេងម្តាយរបស់រូបគេ ។
ប្រភពចំនួន ៤ដែលដឹងច្បាស់ពីការរកឃើញដំបូងនៃការស៊ើបអង្កេតរបស់អាស៊ែបៃហ្សង់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ខុសយន្តហោះមួយគ្រឿងនេះ ។
វិមានក្រឹមឡាំង បាននិយាយនៅពេលនោះថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បាននឹងកំពុងរុញច្រានការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ៕
