ក្រុមឧទ្ទាមហ៊ូទីយេម៉ែន បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានវាយប្រហារដោយមីស៊ីលល្បឿនលឿនជាងសំឡេងលើគោលដៅមូលដ្ឋានអាកាស Nevatim ស្ថិតនៅវាលខ្សាច់ Negev ភាគខាងត្បូងអ៊ីស្រាអែល ។
លោក Yahya Sarea គឺជាអ្នកនាំពាក្យយោធាហ៊ូធី បានអះអំណាងនៅក្នុងសេចក្តីថ្លែងការណ៍ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថា មីស៊ីលនេះ វាយប្រហារចំគោលដៅដោយជោគជ័យ ។
លោក Sarea បានធ្វើសេចក្តីអត្ថាធិប្បាយផងដែរពីចំនួនដ៏ច្រើននៃពលរដ្ឋយេម៉ែននៅក្នុងបាតុកម្មគាំទ្រប៉ាឡេស្ទីននៅទូទាំងប្រទេស បន្ទាប់ពីពិធីបួងសួងថ្ងៃសុក្រ ។
គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ដោយក្រុមហ៊ួទី នៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa ស្ថានីយថាមពល Hezyaz និង Ras Kanatib ក៏ដូចជាកំពង់ផែ Hodeidah, Salif និង Ras Kanatib ស្ថិតនៅឆ្នេរសមុទ្រភាគខាងលិច ៕