តំបន់ឆ្នេរភាគខាងជើង និងភាគកណ្តាលប្រទេសប៉េរូ បានរងការវាយប្រហារដោយរលកធំៗខុសពីធម្មតាកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។
ក្រុមអាជ្ញាធរ បានបិទតំបន់ឆ្នេរជាច្រើនកន្លែង និងកំពង់ផែសមុទ្រចំនួន ៨០កន្លែង ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីការបាត់បង់អាយុជីវិតមនុស្សនោះទេ ។
យោងតាមការអះអាងរបស់លោកកាពីតែន Enrique Varea គឺជាប្រធានជលសាស្រ្ត និងនាវាចរណ៍នៃកងទ័ពជើងទឹកប៉េរូ បានឲ្យដឹងថា កម្លាំងរលកធំៗ ដែលបានចាប់ផ្តើមកើតមានកាលពីថ្ងៃទី ២៥ ខែធ្នូ បច្ចុប្បន្នវាកាន់តែមានកម្លាំងខ្លាំងជាងមុន ។
លោក Varea និយាយថា បើសិនជាតំបន់ឆ្នេរមានរលកសមុទ្រកម្ពស់ ១ម៉ែត្រ នោះពួកយើងនឹងមានរលកសមុទ្រកម្ពស់រហូតដល់ ៣ម៉ែត្រ ។
លោកបន្តថា មាននូវការបាត់បង់សម្ភារៈមួយចំនួនផងដែរ ពិសេសគឺទូកនេសាទ ប៉ុន្តែសំណាងល្អដែលពុំមានការបាត់បង់អាយុជីវិតមនុស្សដោយសារការរឹតបន្តឹងរបស់ក្រុមអាជ្ញាធរលើប្រតិបត្តិការកំពង់ផែ ហើយនិងការរឹតបន្តឹងសកម្មភាពនេសាទត្រី និងការលំហែរនៅតាមតំបន់ឆ្នេរ ។
យោងតាមសេចក្តីរាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រដោយកងទ័ពជើងទឹកប៉េរូ បានឲ្យដឹងថា រលកសមុទ្រធំៗបែបនេះ ទំនងជាកើតមានរហូតដល់ថ្ងៃពុធ ទី ១ ខែមករា ឆ្នាំ ២០២៥ ៕