ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអាទិត្យ (២៩ ធ្នូ) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំកំណត់គោលនយោបាយសំខាន់ៗនៃគណបក្សកាន់អំណាចរបស់ប្រទេស កាលពីសប្តាហ៍មុន នៅមុនឆ្នាំថ្មី។
របាយការណ៍និយាយថា កិច្ចប្រជុំរបស់ក្រុមមន្ត្រីបក្ស និងរដ្ឋាភិបាលបានសម្រេចថា កូរ៉េខាងជើង នឹងចាប់ផ្តើមយុទ្ធសាស្រ្ត "តឹងតែងបំផុត" ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក ដើម្បីសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួន។
របាយការណ៍ KCNA បន្ថែមថា សម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានពង្រីកទៅជា "ប្លុកយោធានុយក្លេអ៊ែរ" ហើយកូរ៉េខាងត្បូង បានក្លាយជា "ទីតាំងប្រឆាំងកុម្មុយនិស្ត" សម្រាប់សហរដ្ឋអាមេរិក ដែលការពិតនេះបង្ហាញយ៉ាងច្បាស់ "ពីទិសដៅណាដែលត្រូវទៅ និងអ្វីដែលគួរធ្វើ ដើម្បីទប់ទល់ស្ថានការណ៍នេះ"។
យោងតាមរបាយការណ៍ក៏បានឱ្យដឹងថា កិច្ចប្រជុំថ្ងៃទី ២៣-២៧ ខែធ្នូ នោះក៏បានពិនិត្យឡើងវិញនូវការដោះស្រាយទឹកជំនន់នៅដើមឆ្នាំនេះ រួមទាំងផែនការដែលនាំអ្នករងគ្រោះទៅកាន់រដ្ឋធានីព្យុងយ៉ាង។ កិច្ចប្រជុំបែបនេះច្រើនតែមានរយៈពេលពីរបីថ្ងៃ ហើយត្រូវបានប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធ្វើការប្រកាសអំពីគោលនយោបាយសំខាន់ៗ៕


