មន្ត្រីរដ្ឋាភិបាលបាននិយាយថា ចំនួនប្រជាជនដែលពុំមានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក បានកើនឡើងក្នុងកម្រិតខ្ពស់បំផុតជាង ១៨% ក្នុងមួយឆ្នាំ ដែលជំរុញដោយតម្លៃលំនៅឋានខ្ពស់ គ្រោះមហន្តរាយធម្មជាតិ និងកំណើនចំណាកស្រុកទៅកាន់ទីក្រុងធំ។
ក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុង (Hud) បាននិយាយកាលពីថ្ងៃសុក្រ (២៧ ធ្នូ) ថា មនុស្សជាង ៧៧០.០០០ នាក់ ស្ថិតនៅក្នុងជម្រកស្នាក់នៅបណ្តោះអាសន្ន ឬគ្មានទីជម្រកទាល់តែសោះ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងក្នុងខែមករា ឆ្នាំ២០២៤។
តួលេខនេះកើតឡើងបន្ទាប់ពីកំណើន ១២% កាលពីឆ្នាំ២០២៣ ហើយជាចំនួនខ្ពស់បំផុតចាប់តាំងពីរដ្ឋាភិបាលសហព័ន្ធបានចាប់ផ្តើមការរាប់ប្រចាំឆ្នាំនៃចំនួនប្រជាជនគ្មានផ្ទះសម្បែងក្នុងឆ្នាំ២០០៧។ តួលេខនេះទំនងជាមានចំនួនតិចជាងជាក់ស្ដែងទៅទៀត ព្រោះមិនបានរាប់បញ្ចូលមនុស្សដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយគ្រួសារ និងមិត្តភ័ក្ដិនោះទេ។
អាជ្ញាធរព្រមានថា ទិន្នន័យនោះមានអាយុជិតមួយឆ្នាំរួចមកហើយ ហើយទាំងការជួល និងស្ថានភាពនៅព្រំដែនអាមេរិក បានប្រែប្រួលខ្លាំងចាប់តាំងពីការស្ទង់មតិត្រូវបានធ្វើឡើងមក ដែលមានន័យថា តួលេខពិតប្រាកដមកទល់ពេលនេះ អាចខ្ពស់ខ្លាំង។
ភាពគ្មានផ្ទះសម្បែងលក្ខណៈគ្រួសារ ជារួមបានកើនឡើង ៣៩% ធៀបនឹងឆ្នាំមុន ហើយច្រើនជាងពីរដងក្នុងប្រជាជននៅទីជម្រក ១៣កន្លែង ដែលនិយាយថាពួកគេរងផលប៉ះពាល់ដោយការចំណាកស្រុកប្ដូរទៅរស់នៅទីក្រុង៕


