ហ្វូងបាតុកររាប់ពាន់នាក់នៅប្រទេសហ៊្សកហ្ស៊ី កាលពីថ្ងៃសៅរ៍ (២៨ ធ្នូ) បានបង្កើតខ្សែច្រង្វាក់មនុស្សដើម្បីតវ៉ា នៅក្នុងរដ្ឋធានីប៊ីលីស៊ី ខណៈភាពតានតឹងនយោបាយកាន់តែស៊ីជម្រៅ នៅពេលប្រធានាធិបតីថ្មី បានស្បថចូលកាន់តំណែងនៅថ្ងៃអាទិត្យ ២៩ ធ្នូ នេះ។
ប្រធានាធិបតីថ្មី លោក Mikheil Kavelashvili ដែលជាអតីតកីឡាករបាល់ទាត់ក្រុម Manchester City ត្រូវគេមើលឃើញថាជាសម្ព័ន្ធមិត្តរបស់គណបក្សក្ដីសុបិនហ៊្សកហ្ស៊ី (Georgian Dream) កំពុងកាន់អំណាច ហើយប្រមុខរដ្ឋដែលអស់អាណត្តិ លោកស្រី Salome Zourabichvili ចោទប្រកាន់ថា ជ័យជម្នះការបោះឆ្នោតនោះថាមិនស្របច្បាប់។
បក្សក្ដីសុបិនហ៊្សកហ្ស៊ី ដែលកាន់អំណាចអស់ពេល ១២ឆ្នាំ បានឈ្នះការបោះឆ្នោតសភាក្នុងខែតុលា ប៉ុន្តែជ័យជំនះនេះត្រូវបានជាប់គាំងដោយការចោទប្រកាន់ក្លែងបន្លំ ហើយមានការតវ៉ាជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។
ក្រុមប្រឆាំងសំខាន់ៗចំនួនបួន បានច្រានចោលជ័យជម្នះលោក Kavelashvili និងធ្វើពហិការមិនចូលរួមសភា។ គេនៅមិនទាន់ដឹងច្បាស់ទេថា តើការប្រឈមមុខដាក់គ្នានេះនឹងត្រូវដោះស្រាយបែបណា។ ក្រុមអ្នកតវ៉ា គ្រវីទង់ជាតិហ៊្សកហ្ស៊ី និងសហភាពអឺរ៉ុប បានបង្កើតច្រង្វាក់មនុស្ស ដែលលាតសន្ធឹងរាប់គីឡូម៉ែត្រកាលពីថ្ងៃសៅរ៍៕


