ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានជំរុញឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិក ផ្អាកការអនុវត្តច្បាប់ ដែលនឹងហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok ឬបង្ខំឱ្យលក់អេបនេះ ដោយលើកហេតុផលថា លោកគួរតែមានពេលវេលាគ្រប់គ្រាន់បន្ទាប់ពីចូលកាន់តំណែងដើម្បីបន្ត "ដំណោះស្រាយនយោបាយ" ចំពោះបញ្ហានេះ។

តុលាការគ្រោងនឹងបើកសវនាការស្ដាប់ទឡ្ហីករណ៍ក្នុងសំណុំរឿង TikTok នៅថ្ងៃទី១០ ខែមករា ឆ្នាំក្រោយ។ ច្បាប់នេះនឹងតម្រូវឱ្យម្ចាស់ TikTok មានមូលដ្ឋាននៅចិនគឺក្រុមហ៊ុន ByteDance ឱ្យលក់វេទិកានេះទៅឱ្យក្រុមហ៊ុនអាមេរិក ឬមិនដូច្នេះទេប្រឈមនឹងការហាមឃាត់។ សភាសហរដ្ឋអាមេរិក បានបោះឆ្នោតគាំទ្រកាលពីខែមេសា ដើម្បីដាក់បម្រាមនោះ លុះត្រាតែ ByteDance លក់កម្មវិធីត្រឹមថ្ងៃទី១៩ ខែមករា។
TikTok ដែលមានអ្នកប្រើប្រាស់ជាង ១៧០លាននាក់នៅអាមេរិក ហើយក្រុមហ៊ុនមេបស់ខ្លួន បានស្វះស្វែងរកការលុបចោលច្បាប់នេះ ប៉ុន្តែប្រសិនបើតុលាការមិនសម្រេចឱ្យពួកគេឈ្នះ ហើយគ្មានការលក់ចេញទេ កម្មវិធីនេះអាចនឹងត្រូវបានហាមឃាត់យ៉ាងមានប្រសិទ្ធភាពនៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែមករា មួយថ្ងៃមុនពេល Trump ចូលកាន់តំណែងជាផ្លូវការ។
ការគាំទ្ររបស់លោក Trump សម្រាប់ TikTok គឺផ្ទុយពីឆ្នាំ២០២០ នៅពេលដែលលោកបានព្យាយាមបិទកម្មវិធីនេះនៅអាមេរិក ហើយបង្ខំឱ្យលក់ទៅឱ្យក្រុមហ៊ុនអាមេរិក ដោយសារតែភាពជាម្ចាស់របស់ចិន៕

