ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសក្រូអាស៊ី បានបើកនៅម៉ោង ០៦:០០ (ម៉ោងសកល) នៅព្រឹកថ្ងៃអាទិត្យ (២៩ ធ្នូ នេះដើម្បីជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេស ដែលភាគច្រើនគ្រន់តែជាពិធីការប៉ុណ្ណោះ ក្នុងការប្រប្រកួតប្រជែងដែលបេក្ខជនមកពីគណបក្សធំជាងគេទាំងពីរ គឺជាគូប្រជែងដ៏សំខាន់។
ប្រជាជនក្រូអាស៊ី ប្រហែល ៣,៨លាននាក់ មានសិទ្ធិបោះឆ្នោតឱ្យបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនសរុប ៨នាក់ ដែលក្នុងនោះមាន ៣នាក់ជាស្ត្រី មានទំនោរចាប់ពីឆ្វេងនិយម ទៅស្តាំនិយម លើវិសាលគមនយោបាយ។
ប្រធានាធិបតីជិតអស់អាណត្តិ លោក Zoran Milanovic ដែលជាបេក្ខភាពរបស់បក្សប្រឆាំង ឈ្មោះថាបក្សប្រជាធិបតេយ្យសង្គមនិយម នឹងឈរឈ្មោះសម្រាប់អាណត្តិទីពីរ។ គូប្រជែងសំខាន់របស់លោកគឺ លោក Dragan Primorac អតីតរដ្ឋមន្ត្រីវិទ្យាសាស្ត្រ ដែលគាំទ្រដោយបក្សកាន់អំណាច សហភាពប្រជាធិបតេយ្យក្រូអាស៊ី (HDZ) ។
ការបោះឆ្នោតនឹងឈានដល់ជុំទីពីរ ប្រសិនបើពុំមានបេក្ខជនណាម្នាក់ឈ្នះសំឡេងភាគច្រើនទេ។ លោក Milanovic បាននាំមុខក្នុងការស្ទង់មតិមុន និងក្រោយយុទ្ធនាការបោះឆ្នោត ហើយការស្ទង់មតិចុងក្រោយបំផុតចេញផ្សាយកាលពីថ្ងៃសុក្រ ២៧ ធ្នូ បង្ហាញថា លោក Milanovic នៅតែនាំមុខដោយមានការគាំទ្រ ៣៧,២% ទល់នឹងលោក Primorac ជាមួយនឹងការគាំទ្រ ២០,៤%។
ការិយាល័យបោះឆ្នោតបិទនៅម៉ោង ១៨:០០ ម៉ោងសកល ហើយលទ្ធផលស្ទង់មតិក្រោយបោះឆ្នោតត្រូវបានរំពឹងទុកនៅប៉ុន្មាននាទីក្រោយ។ លទ្ធផលបឋមដំបូងនឹងត្រូវបានគេដឹងនៅប្រហែលម៉ោង ១៩:០០ ម៉ោងសកល ហើយលទ្ធផលផ្លូវការត្រូវបានរំពឹងទុកនៅប៉ុន្មានថ្ងៃបន្ទាប់៕


