នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Air បានសូមអភ័យទោសជនរងគ្រោះក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង ដែលបានសម្លាប់មនុស្សជាច្រើននាក់ នៅថ្ងៃអាទិត្យ (២៩ ធ្នូ) នេះ។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នាយកប្រតិបត្តិ លោក Kim E-bae បាននិយាយថា មូលហេតុនៃការធ្លាក់នេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ ដោយថាយន្តហោះនេះមិនមានកំណត់ត្រានៃគ្រោះថ្នាក់ និងមិនមានសញ្ញាដំបូងនៃការដំណើរការខុសប្រក្រតីនោះទេ។ លោក Kim បន្តថា ក្រុមហ៊ុនអាកាសចរណ៍នឹងសហការជាមួយក្រុមអ្នកស៊ើបអង្កេត និងគាំទ្រដល់ជនរងគ្រោះជាអាទិភាព។
ក្រសួងដឹកជញ្ជូនរបស់កូរ៉េខាងត្បូង និយាយថា យន្តហោះ Jeju Air ជើងហោះហើរលេខ 7C2216 ចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ ជាមួយនឹងមនុស្សជិះលើយន្តហោះចំនួន ១៨១នាក់ បានព្យាយាមចុះចតភ្លាមៗ នៅម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក) នៅអាកាសយានដ្ឋាននៅភាគខាងត្បូងនៃប្រទេស នៅពេលឧបទ្ទវហេតុបានកើតឡើង ដោយមនុស្ស ២នាក់ត្រូវបានសង្រ្គោះ។
ការបុកជាមួយហ្វូងបក្សី និងលក្ខខណ្ឌអាកាសធាតុមិនល្អ ត្រូវបានអាជ្ញាធរលើកឡើងថា ទំនងជាមូលហេតុនៃការធ្លាក់ដ៏រន្ធត់នេះ ហើយបានធ្វើឱ្យយន្តហោះត្រូវ "បំផ្លាញស្ទើរតែទាំងស្រុង" នេះបើយោងតាមមន្ត្រីពន្លត់អគ្គិភ័យ៕


