អ្នកដំណើរទាំងអស់ និងសមាជិកអាកាសយានិកភាគច្រើននៅលើជើងហោះហើរ Jeju Air បានស្លាប់បន្ទាប់ពីឧបទ្ទវហេតុយន្តហោះនៅអាកាសយានដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ។

មនុស្សសរុបចំនួន ១៧៩ នាក់ក្នុងចំណោម ១៨១នាក់ដែលធ្វើដំណើរលើយន្តហោះ Boeing 737-800 បានស្លាប់ដោយនៅសល់តែពីរនាក់ប៉ុណ្ណោះដែលមានសំណាងខ្ពស់បានរួចផុតពីសេចក្ដីស្លាប់ គេទាំង២នាក់គឺជាបុគ្គលិកក្នុងបន្ទប់ហោះហើរ ត្រូវបានទាញចេញពីបំណែកដែលឆេះ។

យន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ មូអាន(Muan) ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូងដោយបានធ្លាក់ចេញពីផ្លូវរត់ ហើយបានបុកជញ្ជាំងបណ្ដាលឲ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ជើងហោះហើរលេខ ២២១៦ (Flight 2216) បានត្រលប់ពីទីក្រុងបាងកក ប្រទេសថៃ ជាមួយអាកាសយានិក៦ នាក់ និងអ្នកដំណើរ ១៧៥ នាក់ ដែលភាគច្រើនជាអ្នកដើរកម្សាន្តក្នុងឱកាសឈប់សម្រាក។
ការស៊ើបអង្កេតលើមូលហេតុកំពុងដំណើរការ ដោយមានក្រុមអ្នកជំនាញ និងមន្ត្រីចង្អុលបង្ហាញពីកត្តាដែលអាចកើតមានមួយចំនួន។

អ្នកដំណើរទាំងនោះមានជនជាតិកូរ៉េខាងត្បូង ១៧៣ នាក់ និងជនជាតិថៃ ២ នាក់។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ជនរងគ្រោះមានអាយុចន្លោះពី ៣ ទៅ៧៨ ឆ្នាំ ទោះបីជាភាគច្រើនមានអាយុ៤០ ឆ្នាំ ៥០ឆ្នាំ និង ៦០ ឆ្នាំក៏ដោយ៕