ហែលទឹក៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសរៀបចំការប្រកួតកីឡាហែលទឹកទីឆ្ងាយ (Open Water) ជ្រើសរើសជើងឯកឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា គោលបំណងនៃការរៀបចំឱ្យមានការប្រកួតនេះគឺតាមរយៈសហព័ន្ធកីឡាហែលទឹកអន្តរជាតិ FINA ដែលបានជំរុញឱ្យសហព័ន្ធជាតិទាំងអស់នៅតាមបណ្តាប្រទេសដែលជាសមាជិក ជួយបំផុសដើម្បីអភិវឌ្ឍវិស័យកីឡាហែលទឹកទីឆ្ងាយនេះឱ្យកាន់តែរីកចំរើន និងចង់ឱ្យមហាជនស្គាល់ពីប្រភេទកីឡាមួយនេះ។

ជាមួយគ្នានោះដែរសហព័ន្ធខ្មែរកីឡាហែលទឹកដែលជាសមាជិក រៀបចំឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីហែលទឹកជំរើសជាតិទាំងអស់ឱ្យមានសកម្មភាពប្រកួតប្រជែង បន្ទាប់ពីអាក់ខានមិនមានការប្រកួតណាមួយឡើយតាំងពីខែកុម្ភៈ ឆ្នាំ២០២១ ពោលគឺបានត្រឹមហ្វឹកហាត់បិទខ្ទប់នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោប៉ុណ្ណោះ។ សហព័ន្ធខ្មែរកីឡាហែលទឹកចិត្តបានដាក់ឱ្យមានការប្រកួតចំនួន ២វិញ្ញាសារួមមានផ្នែកបុរសដែលចំងាយ ៥០០០ម៉ែត្រ និងផ្នែកនារីហែលចំងាយ ៣០០០ម៉ែត្រ។ សូមបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងក្នុងលក្ខខណ្ឌបិទខ្ទប់ពុំមានអ្នកចូលទស្សនាឡើយ ដែលការប្រកួតនឹងរៀបចំនៅមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានមរតកតេជោ៕
អត្ថបទ៖នាង សុភាវុធ