ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃចន្ទ (៣០ ធ្នូ) នេះ បានបញ្ជាឱ្យត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៃប្រព័ន្ធប្រតិបត្តិការអាកាសចរណ៍របស់ប្រទេសទាំងមូល នៅពេលការងារសង្គ្រោះនៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air ត្រូវបានបញ្ចប់។

គ្រោះមហន្តរាយផ្លូវអាកាសដ៏អាក្រក់បំផុតរបស់កូរ៉េខាងត្បូង បានសម្លាប់មនុស្សចំនួន ១៧៩នាក់កាលពីថ្ងៃអាទិត្យ នៅពេលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ក្នុងពេលចុះចត ហើយបានធ្លាក់ចេញពីចុងផ្លូវរត់ទៅបុកជញ្ជាំងរួចក៏ផ្ទុះឆេះ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan។

លោក Choi បានប្រាប់កិច្ចប្រជុំគ្រប់គ្រងគ្រោះមហន្តរាយនៅទីក្រុងសេអ៊ូលថា អាទិភាពចម្បងសម្រាប់ពេលនេះ គឺការកំណត់អត្តសញ្ញាណជនរងគ្រោះ ការគាំទ្រក្រុមគ្រួសាររបស់ពួកគេ និងការព្យាបាលអ្នករស់រានមានជីវិតទាំងពីរនាក់ ដោយប្រើប្រាស់ធនធានដែលចាំបាច់ទាំងអស់។

លោកបន្ថែមថា "នៅពេលការងារស្ដារឡើងវិញក្នុងគ្រោះថ្នាក់នេះបញ្ចប់ភ្លាម ក្រសួងដឹកជញ្ជូន ត្រូវចុះត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៃប្រព័ន្ធប្រតិបត្តិការយន្តហោះទូទាំងប្រទេស ដើម្បីទប់ស្កាត់មិនឱ្យឧប្បត្តិហេតុផ្លូវអាកាសបែបនេះកើតឡើងម្ដងទៀត"៕