ក្រុមអ្នកជំនាញអាកាសចរណ៍បាននិយាយកាលពីថ្ងៃអាទិត្យ (២៩ ធ្នូ) ថា មានភាពមិនប្រាកដប្រជាជាច្រើនជុំវិញការធ្លាក់យន្តហោះដ៏អាក្រក់បំផុតនៅលើទឹកដីកូរ៉េខាងត្បូង ដោយចោទជាសំណួរថា តើផលប៉ះពាល់នៃការបុកជាមួយនឹងហ្វូងបក្សី ដែលអាជ្ញាធរលើកឡើងថាអាចជាមូលហេតុនៅក្នុងការធ្លាក់យន្តហោះ Jeju Air នោះ មានធំកម្រិតណា។

អវត្តមានជាក់ស្តែងនៃឧបករណ៍ចុះចត ពេលវេលានៃយន្តហោះម៉ាស៊ីនភ្លោះ Boeing 737-800 ដែលចុះចតដោយគ្មានកង់នៅអាកាសយានដ្ឋានអន្តរជាតិ Muan និងរបាយការណ៍នៃលទ្ធភាពការបុកហ្វូងបក្សីទាំងអស់នេះ បានលើកឡើងនូវសំណួរជាច្រើនដែលមិនទាន់អាចឆ្លើយបាន។

លោក Christian Beckert អ្នកជំនាញសុវត្ថិភាពការហោះហើរ និងជាអាកាសយានិកក្រុមហ៊ុនអាកាសចរណ៍ លូហ្វថែនសា (Lufthansa) បាននិយាយថា ការបុកនឹងហ្វូងបក្សីទំនងជាមិនធ្វើឱ្យខូចឧបករណ៍ចុះចតទេក្នុងពេលវានៅតែលើកឡើង ហើយប្រសិនបើការបុកនោះកើតឡើងនៅពេលឧបករណ៍ចុះចតទម្លាក់ចុះ វាក៏នឹងពិបាកក្នុងការលើកម្តងទៀតដែរ។
គួររម្លឹកថា យន្តហោះ Jeju Air បានធ្លាក់ចេញពីលើផ្លូវរត់ដោយពុំមានឧបករណ៍ចុះចត មុនពេលបុកជញ្ជាំង រួចក៏ផ្ទុះឆេះ។ ក្រុមអ្នកជំនាញនិយាយថា ឧបទ្ទវហេតុតាមផ្លូវអាកាសជាធម្មតាបណ្តាលមកពីកត្តារួមគ្នាជាច្រើន ហើយគេអាចចំណាយពេលរាប់ខែដើម្បីដាក់បញ្ចូលគ្នានូវលំដាប់លំដោយនៃព្រឹត្តិការណ៍ ទើបឈានទៅដល់ការសន្និដ្ឋានពីមូលហេតុពិតប្រាកដ៕