កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនមានបំណងបង្កើនការវាយលុកយោធារនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយធ្វើឱ្យកាន់តែធ្ងន់ធ្ងរថែមទៀតនូវអំពើប្រល័យពូជសាសន៍ដែលខ្លួនបាននិងកំពុងប្រព្រឹត្តដោយមានការគាំទ្ររបស់សហរដ្ឋអាមេរិកអស់រយៈពេលជាង១៤ ខែ។

គេហទំព័រអ៊ីស្រាអែល Walla បានដកស្រង់ប្រភពយោធាមិនបញ្ចេញឈ្មោះដែលនិយាយថា នាយសេនាធិការកងទ័ព លោក Herzi Halevi ថ្មីៗនេះបានចេញសេចក្តីណែនាំដើម្បីត្រៀមពង្រីកប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ដែលនឹងបង្កើនចំនួនកងទ័ពនៅក្នុងតំបន់ផ្សេងទៀតដែលមិនបានបញ្ជាក់។

ប្រភពខាងលើបានកត់សម្គាល់ថា អង្គភាពដូចជា រថពាសដែក និងកងវិស្វកម្ម ត្រូវបានដឹកនាំឱ្យរៀបចំសម្រាប់ការដាក់ពង្រាយទៅកាន់តំបន់ហ្កាហ្សា រួមជាមួយនឹងប្រតិបត្តិការកងកម្លាំងអាកាសកាន់តែខ្លាំង ដើម្បីបង្កើនសម្ពាធយោធាលើក្រុមហាម៉ាសប៉ាឡេស្ទីន។
ប្រភពខាងលើមិនបានបង្ហាញពីតំបន់ជាក់លាក់ដែលកងទ័ពគ្រោងពង្រីកប្រតិបត្តិការយោធានោះទេ។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ កងទ័ពអ៊ីស្រាអែល បានព្រមានជាថ្មីដល់ប្រជាជនប៉ាឡេស្ទីននៅភាគខាងជើងតំបន់ហ្កាហ្សា រួមទាំងទីក្រុង Beit Hanoun ឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែង ទៅកាន់ភាគខាងត្បូង ជាផ្នែកមួយនៃអំពើប្រល័យពូជសាសន៍ដែលខ្លួនបានអនុវត្តអស់រយៈពេលជិត ៣ ខែ៕