បាល់ទាត់៖ អ្នកចាំទីដៃទី១ នៃក្លិបព្រះខ័នរាជស្វាយរៀង អាំ សុវណ្ណារ៉ាត់ បានបង្ហាញជំហរយ៉ាងមុតមាំសម្រាប់ការប្រកួតសេសសល់នៃលីគកំពូលកម្ពុជាតិ ក៏ដូចជាការត្រៀមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ ដោយរូបគេបានប្ដេជ្ញាចិត្តនឹងជួយក្រុមស្វែងរកជ័យជម្នះគ្រប់ការប្រកួត។

សុវណ្ណារ៉ាត់ បានបញ្ជាក់ថា សម្រាប់ការប្រកួត ២ប្រកួតចុងក្រោយនៃលីគកំពូលកម្ពុជាឆ្នាំ២០២១ ខ្លួនក៏ដូចជាមិត្តរួមក្រុមគឺត្រូវការឈ្នះទាំង ២ប្រកួតដើម្បីមានឱកាសប្រជែងជើងឯកក៏ដូចជាចំណាត់ថ្នាក់ល្អ។ រីឯពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិវិញ រូបគេបានសម្ដែងការសប្បាយចិត្តដែលពាននេះអាចដំណើរការប្រកួតធម្មតាដោយគ្មានការលុបចោល ព្រមទាំងអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនា ៥០% នៃចំនួនកៅអីតាមកីឡដ្ឋាននីមួយៗទៀតផង។ គួរដឹងថា ចំពោះ ២ប្រកួតចុងក្រោយរបស់ក្លិបព្រះខ័នរាជស្វាយរៀងនៃលីគកំពូលកម្ពុជា គឺត្រូវជួបក្រុមភ្ញៀវគិរីវង់នាថ្ងៃទី១៣-វិច្ឆិកា មុនជួបក្លិបអង្គរថាយហ្គឺរនាថ្ងៃទី១៩-វិច្ឆិកានៅកីឡដ្ឋាន SRU ខេត្តសៀមរាប។ បច្ចុប្បន្នក្រុមលោក Conor Nestor កំពុងឈរលេខ២ និងមាន ៣៦ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងភ្នំពេញក្រោន ៤ពិន្ទុ ដែលមានន័យថា លុះត្រាភ្នំពេញក្រោនរកបាន ៣ពិន្ទុទៀត ទើបព្រះខ័នរាជស្វាយរៀងអស់ឱកាសប្រជែងជើងឯកលីគឆ្នាំនេះ។
ចំណែកការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិឆ្នាំនេះវិញ ព្រះខ័នរាជស្វាយរៀងត្រូវជួបក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្តឆ្នាំ២០២១ គឺក្រុមកោះកុងអេហ្វស៊ីក្នុងវគ្គ ១៦ក្រុមចុងក្រោយនាថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ ចំពោះការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ក៏ដូចជាវគ្គ ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះគឺអនុវត្តតាមប្រព័ន្ធថ្មី ដោយការប្រកួតចាញ់ធ្លាក់តែម្ដងពុំមានការប្រកួត ២ជើងដូចរដូវកាលមុនៗឡើយ៕
អត្ថបទ៖ លី ឈុនឡា