អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទ (៣០ ធ្នូ) នេះថា មនុស្សជាង ៦០នាក់ បានស្លាប់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅរដ្ឋភាគខាងត្បូងប្រទេសអេត្យូពី គឺរដ្ឋ Sidama ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី អាឌីស អាបាដា (Addis Ababa)។

ការិយាល័យសុខាភិបាលប្រចាំតំបន់ Sidama បាននិយាយនៅលើគេហទំព័រហ្វេសប៊ុកថា "គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៦៦នាក់មកទល់ពេលនេះ" ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែនិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅតំបន់ភាគខាងកើតនៃរដ្ឋនៅស្ពាន Gelana ក្នុងតំបន់ Bona Zuria Woreda ។

មានព័ត៌មានបន្ថែមតិចតួចណាស់ លើចំនួនយានយន្តដែលពាក់ព័ន្ធ ឬចំនួនអ្នកដំណើរសរុបប៉ុន្មាននាក់នៅលើរថយន្តនៅពេលកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍គឺជារឿងធម្មតាទៅហើយនៅអេត្យូពី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីពីររបស់ទ្វីបអាហ្រ្វិក ហើយផ្លូវថ្នល់ជាញឹកញាប់ថែទាំមិនបានល្អ៕
