ក្រុមបាតុកររាប់ពាន់នាក់ និងត្រាក់ទ័ររាប់សិបគ្រឿង កាលពីថ្ងៃអាទិត្យ (២៩ ខែធ្នូ) បានចេញធ្វើបាតុកម្មតាមផ្លូវនានាក្នុងទីក្រុងវ៉ាឡេនសៀ ប្រទេសអេស្ប៉ាញ ដោយអំពាវនាវឱ្យមេដឹកនាំតំបន់លោក Carlos Mazon លាលែងពីតំណែង ជុំវិញការដោះស្រាយបញ្ហាទឹកជំនន់ដ៏មហន្តរាយ ដែលបានបណ្តាលឲ្យមនុស្សជាង ២២០ នាក់ស្លាប់។

ដោយកាន់បដា និងរូបភាពលោក Mazon ព្រមទាំងពាក្យស្លោក ក្រុមអ្នកតវ៉ា បានមកប្រមូលផ្តុំគ្នា រយៈពេលពីរខែបន្ទាប់ពីគ្រោះមហន្តរាយ ដើម្បីទាមទារឱ្យមេដឹកនាំរបស់ពួកគេ លាលែងពីតំណែង។
ពលរដ្ឋ បានរិះគន់ចំពោះអ្វីដែលពួកគេមើលឃើញថា ជាការប្រកាសអាសន្នដ៏ងងឹតងងុលពីសំណាក់អាជ្ញាធរនៅពេលទឹកជំនន់វាយលុក និងការឆ្លើយតបយឺតយ៉ាវ ពីអង្គភាពសេវាសង្គ្រោះបន្ទាន់។

លោក Mazon បានសារភាពថា លោកបានធ្វើឲ្យមានកំហុស ប៉ុន្តែបានបដិសេធមិនព្រមលាលែងពីតំណែងនោះទេ និងបាននិយាយថា ស្ថាប័នទទួលខុសត្រូវសម្រាប់ការវាស់ស្ទង់លំហូរទឹក ដែលដំណើរការដោយរដ្ឋាភិបាលជាតិ បានបរាជ័យក្នុងការបញ្ជូនការព្រមានឲ្យបានគ្រប់គ្រាន់។