អ្នកស្រុកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលដែលធ្វើការវាយលុករយៈពេលមួយសប្តាហ៍ នៅតំបន់ហ្កាហ្សាភាគខាងជើង បានបញ្ជាឱ្យប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង បេតហានួន (Beit Hanoun) ឱ្យចាកចេញពីទីក្រុងកាលពីថ្ងៃអាទិត្យ (២៩ ធ្នូ) ដោយលើកឡើងថាមានការបាញ់គ្រាប់រ៉ូកែតរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ចេញពីទីនោះ។

អ្នកស្រុក និយាយថា ការណែនាំឱ្យចាកចេញនេះបានបង្កឱ្យមានរលកថ្មីនៃការភៀសខ្លួន ទោះបីជាគេមិនទាន់ច្បាស់ថាមានមនុស្សប៉ុន្មាននាក់បានរងផលប៉ះពាល់ក៏ដោយ។

អ៊ីស្រាអែល និយាយថា យុទ្ធនាការជិតបីខែរបស់ខ្លួននៅភាគខាងជើងហ្កាហ្សា គឺសំដៅលើពួកសកម្មប្រយុទ្ធហាម៉ាស និងរារាំងពួកគេមិនឱ្យប្រមូលផ្តុំគ្នាឡើងវិញ។ យោធា និយាយថា ការណែនាំរបស់ខ្លួនដល់ជនស៊ីវិលឱ្យជម្លៀស គឺចង់បញ្ចៀសពួកគេឱ្យរួចផុតពីគ្រោះថ្នាក់។

ក្រុមមន្ត្រីប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ និយាយថា ពុំមានកន្លែងណាមានសុវត្ថិភាពឡើយនៅក្នុងតំបន់ហ្កាហ្សា ហើយការជម្លៀសខ្លួនធ្វើឱ្យស្ថានភាពមនុស្សធម៌របស់ប្រជាជនកាន់តែអាក្រក់ទៅៗ៕