ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងនគរបាល និងក្រុមបាតុករនៅក្នុងរដ្ឋធានីប៊ីលីស៊ី(Tbilisi) ប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃអាទិត្យ ខណៈប្រធានាធិបតីថ្មីរបស់ប្រទេស ស្បថចូលកាន់តំណែង ក្នុងពេលមានវិបត្តិនយោបាយ។

ក្រុមអ្នកប្រឆាំងនឹងលោក Mikheil Kavelashvili បានធ្វើការតវ៉ាចាប់តាំងពីខែតុលា ជុំវិញការបោះឆ្នោតសភាដែលមានវិវាទ និងចំណាត់ការរបស់គណបក្សក្តីសុបិនហ្សកហ្ស៊ី (Georgian Dream) ដែលជាគណបក្សកំពុងកាន់អំណាចរបស់លោក ដែលបានផ្អាកកិច្ចពិភាក្សាអំពីពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប។

ជាអ្នករិះគន់លោកខាងលិចដែលប្រកាន់តឹង លោក Kavelashvili បានចោទប្រកាន់ភ្នាក់ងារចារកម្មលោកខាងលិចដដែលៗថា បានរៀបចំផែនការជំរុញឱ្យប្រទេសហ្សកហ្ស៊ី ធ្លាក់ចូលទៅក្នុងសង្រ្គាមជាមួយប្រទេសរុស្ស៊ីដែលនៅជិតខាង។
បន្ទាប់ពីពិធីស្បថចូលកាន់តំណែង លោកបាននិយាយថា «ប្រជាជនហ្សកហ្ស៊ី តែងតែយល់ថា សន្តិភាព គឺជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត និងការអភិវឌ្ឍន៍»។
ប្រធានាធិបតីដែលនឹងចាកចេញពីតំណែង លោកស្រី Salome Zourabichvili បានថ្លែងសុន្ទរកថាដ៏តានតឹងទៅកាន់អ្នកគាំទ្រ ខណៈលោកស្រី ចាកចេញពីវិមានប្រធានាធិបតី ដោយនិយាយថា លោក Kavelashvili ពុំមានភាពស្របច្បាប់ក្នុងនាមជាមេដឹកនាំនោះទេ។
លោកស្រី Zourabichvili ដែលគាំទ្រសហភាពអឺរ៉ុប បាននិយាយថា សមាជិកសភា ដែលបានជ្រើសរើសប្រធានាធិបតីថ្មី ត្រូវបានបោះឆ្នោតជ្រើសរើសនៅក្នុងការបោះឆ្នោតសភាកាលពីខែតុលា ដែលត្រូវបានញាំញីដោយការក្លែងបន្លំ។