របាយការណ៍ថ្មីរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលដាក់ជូនអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ បានបង្ហាញថា ចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា បានទទួលរងការធ្វើទារុណកម្មពីពួកសកម្មប្រយុទ្ធដែលចាប់ខ្លួនពួកគេ រួមទាំងការរំលោភបំពានផ្លូវភេទ និងផ្លូវចិត្ត ការបង្អត់អាហារ ការដុតលើស្បែក និងការមិនយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្រ្ត។

របាយការណ៍នេះគឺផ្អែកលើកិច្ចសម្ភាសន៍ជាមួយក្រុមវេជ្ជសាស្ត្រ និងសុខុមាលភាព ដែលបានព្យាបាលចំណាប់ថ្នូរជាតិអ៊ីស្រាអែល និងបរទេសជាង ១០០នាក់ ដែលភាគច្រើនត្រូវបានដោះលែងនៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងបទឈប់បាញ់រយៈពេលខ្លីរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ចំណាប់ថ្នូរ ៨នាក់ត្រូវបានជួយសង្គ្រោះដោយយោធាអ៊ីស្រាអែល។

របាយការណ៍នេះត្រូវបានផ្ញើទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការធ្វើទារុណកម្ម ហើយបានចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ (២៨ ធ្នូ) បានឱ្យដឹងថា ចំណាប់ថ្នូររួមមានកុមារ និងក្មេងជំទង់ជាង ៣០នាក់ ដែលមួយចំនួនរកឃើញថា ត្រូវបានចង វាយដំ ឬប្រើវត្ថុក្តៅដុតលើស្បែក។

ក្រុមហាម៉ាស បានបដិសេធម្តងហើយម្តងទៀតថាុមិនមានការរំលោភបំពានលើចំណាប់ថ្នូរ ២៥១នាក់ ដែលត្រូវបានចាប់ខ្លួនពីអ៊ីស្រាអែល ក្នុងអំឡុងពេលការវាយលុកនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ តួលេខប្រហែលពាក់កណ្តាលប៉ុណ្ណោះនៃចំណាប់ថ្នូរ ១០០នាក់ ដែលនៅតែឃុំខ្លួននៅដែនដីហ្កាហ្សា ត្រូវបានអាជ្ញាធរអ៊ីស្រាអែលជឿថានៅមានជីវិត៕