ប្រធានាធិបតី ប្រទេសអាស៊ែរបៃហ្សង់ លោក Ilham Aliyev ចង់ឱ្យប្រទេសរុស្ស៊ី ទទួលខុសត្រូវសម្រាប់ការធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines កាលពីពេលថ្មីៗនេះ។ ឧបទ្ទវហេតុ នៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធកន្លងទៅនេះ បានបណ្តាលឲ្យមនុស្ស៣៨នាក់ស្លាប់។

លោក Aliyev បាននិយាយអំពីគ្រោះមហន្តរាយនេះ អំឡុងពេលបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍រដ្ឋរបស់ប្រទេស កាលពីថ្ងៃអាទិត្យ។

លោក បាននិយាយថា ការពិតបានបញ្ជាក់ថា យន្តហោះស៊ីវិលរបស់ប្រទេសអាស៊ែរបៃហ្សង់ ត្រូវបានបំផ្លាញផ្នែកខាងក្រៅនៅលើទឹកដីរុស្ស៊ី ហើយស្ទើរតែបាត់បង់ការគ្រប់គ្រង។ លោក Aliyev និយាយថា កន្ទុយរបស់យន្តហោះ បានរងការខូចខាតធ្ងន់ធ្ងរ ដោយសារតែអគ្គិភ័យ។
លោកប្រធានាធិបតី និយាយថា «យើងអាចនិយាយយ៉ាងច្បាស់នៅថ្ងៃនេះថា យន្តហោះត្រូវបានបាញ់ទម្លាក់ដោយរុស្ស៊ី»។ យើង មិននិយាយថានេះត្រូវបានធ្វើឡើងដោយចេតនានោះទេ ប៉ុន្តែវាត្រូវបានធ្វើរួចហើយ។ លោក Aliyev បានរិះគន់ទីក្រុងមូស្គូ ដោយបាននិយាយថា «សម្រាប់រយៈពេលបីថ្ងៃដំបូង យើងពុំទទួលបានព័ត៌មានអ្វីពីប្រទេសរុស្ស៊ីនោះទេ លើកលែងតែវោហាសាស្ត្រមិនសមហេតុផលមួយចំនួន»។
លោកបាននិយាយថា «ការដាក់រឿងនេះជាមួយហ្វូងសត្វស្លាប ឬការផ្ទុះធុងហ្គាស គឺជារឿងល្ងង់ និងជារឿងមិនសមហេតុផល»។ លោកបានជំរុញឲ្យរុស្ស៊ីសារភាពកំហុសរបស់ខ្លួន។
លោក ប្រធានាធិបតី បាននិយាយថា អ្នកទទួលខុសត្រូវ ត្រូវតែទទួលទោស ហើយសម្រាប់រដ្ឋអាស៊ែរបៃហ្សង់ អ្នកដំណើរដែលរងរបួស និងក្រុមយានិក ត្រូវតែទទួលបានសំណង។
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines បានដឹកមនុស្សចំនួន៦៧ នាក់ នៅពេលនោះវាបានធ្លាក់នៅជិតទីក្រុង Aktau ដែលទីក្រុងនេះស្ថិតនៅភាគខាងលិចប្រទេសកាហ្សាក់ស្ថាន។ យន្តហោះបានចាកចេញពីរដ្ឋធានី Baku ប្រទេសអាស៊ែរបៃហ្សង់ ឆ្ពោះទៅទីក្រុង Grozny នៅភាគខាងត្បូងប្រទេសរុស្ស៊ី។