ប្រជាជននៅតំបន់វាលទំនាបភាគខាងជើងប្រទេសឥណ្ឌា បានប្រឈមទៅនឹងស្ថានភាពរលកត្រជាក់ ដែលកាន់តែខ្លាំងឡើងដោយសារការធ្លាក់ព្រិល នៅតំបន់ភ្នំហិម៉ាឡៃ កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ។
ទីក្រុងនានា រួមមានទីក្រុង Prayagraj ទីក្រុងChandigarh និងរដ្ឋធានីប្រទេសឥណ្ឌា ត្រូវបានគ្របដណ្តប់ដោយអ័ព្ទដ៍ក្រាស់ ដោយបានកាត់បន្ថយការមើលឃើញនៅលើដងផ្លូវ។

វីដេអូពីយានដ្រូននៅទីក្រុង New Delhi បានបង្ហាញពីចរាចរណ៍ដំណើរការក្នុងស្ថានភាពមានអ័ព្ទ ដោយផ្ទៃមេឃប្រែទៅជាស្រអាប់។
ប្រជាជនក្នុងតំបន់និយាយថា ខណៈអ្នកស្រុកបានធូស្រាលពីកង្វក់ខ្យល់ឥតឈប់ឈរ ភ្លៀង និងដុំព្រិល ធ្លាក់នៅតំបន់មួយចំនួន បានធ្វើឱ្យត្រជាក់ក្នុងស្ថានភាពពិបាកទ្រាំ។
ព្រិលធ្លាក់នៅតំបន់ Jammu តំបន់Kashmir និងតំបន់ Himachal Pradesh ប៉ះពាល់ផ្ទាល់ដល់សីតុណ្ហភាពនៅក្នុងរដ្ឋភាគខាងជើងតំបន់ទំនាបនៃរដ្ឋ Punjab រដ្ឋHaryana រដ្ឋUttar Pradesh និងរដ្ឋធានី New Delhi របស់ប្រទេសឥណ្ឌា។
រដូវរងានៅប្រទេសអាស៊ីខាងត្បូងមួយនេះ មិនត្រជាក់ដូចនៅតំបន់ផ្សេងៗទៀតដូចជានៅអាមេរិកខាងជើងនោះទេ ប៉ុន្តែប្រជាជននៅទីនេះ កាន់តែទទួលរងនូវផលប៉ះពាល់កាន់តែខ្លាំង។