ភ្នំពេញ៖ បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុទៅលើបាតុភូតសកល ក្រសួងធនធានទឹក និងឧតុនិយម បានសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ ២០២៥ យោងតាមការព្យាករស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និង តំបន់អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែមករា ដល់ខែឧសភា បាតុភូតឡានីណានឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ដោយជំនួសមកវិញនូវបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) ដែលនឹងកើនឡើងពី ៦០ភាគរយ ទៅ ៨០ភាគរយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ រដូវប្រាំង៖ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមានឹងទាបជាងមធ្យមភាគច្រើនឆ្នាំ។ ដោយឡែកចាប់ពីខែមករា ដល់ដើមខែមីនា នៅតំបន់ខ្ពង់រាបរួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងមធ្យមអតិបរមា ៣០°C។ ចំណែកបរិមាណទឹកភ្លៀង៖ បរិមាណទឹកភ្លៀងមានកម្រិតប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ ខែមានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។ ដោយឡែកនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ កម្រិតទឹកភ្លៀងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
ដើមរដូវវស្សា៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ ឬសប្តាហ៍ទី២ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៤។ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ កម្រិតបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។
យោងតាមការព្យាករអាកាសធាតុ ក្រសួងធនធានទឹកបានជម្រាបជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់នៅ៣ខែដំបូងនៃដើមឆ្នាំ២០២៥ ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះសូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៥៕
