នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគី លោក Robert Fico បានព្រមាននៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃអាទិត្យថា ការទទួលយកដោយស្ងាត់ស្ងៀមនៃការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការបញ្ឈប់ការបញ្ជូនឧស្ម័នរបស់រុស្ស៊ី នឹងបង្កើនភាពតានតឹង។

នៅក្នុងលិខិតបើកចំហ ដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម លោក Fico បានចាត់ទុកអំពីចំណាត់ការនេះថាមិនត្រឹមត្រូវ មិនសមហេតុផល និងទំនងជាបង្កឱ្យមានវិធានការទៅវិញទៅមក។ កិច្ចសន្យាបច្ចុប្បន្នរយៈពេល៥ឆ្នាំ ដើម្បីបញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ប្រទេសអ៊ុយក្រែន នឹងផុតកំណត់នៅចុងឆ្នាំនេះ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់យ៉ាងច្បាស់ថា លោកគ្មានបំណងបន្តកិច្ចសន្យានេះ នៅឆ្នាំក្រោយទេ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា កាលពីដើមខែ គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួននឹងមិនគាំទ្រការពិភាក្សាលើការបន្តកិច្ចសន្យាបញ្ជូនឧស្ម័ន ឬស្វែងរកដំណោះស្រាយជំនួសដើម្បីរក្សាលំហូរនោះទេ ហើយគណៈកម្មការអឺរ៉ុប ក៏មិនចូលរួមក្នុងការចរចាណាមួយទាក់ទងនឹងបញ្ហានេះដែរ។
លោក Fico បានព្រមានថា ការបញ្ចប់ការបញ្ជូនឧស្ម័ន នឹងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុប ច្រើនជាងរុស្ស៊ី។
លោកបានរិះគន់ លោក Zelensky ចំពោះការប្រកាសជាឯកតោភាគីនូវការបិទការបញ្ជូន ដោយគ្មានការពិគ្រោះយោបល់ជាមួយស្ថាប័នសហភាពអឺរ៉ុប ឬរដ្ឋជាសមាជិក ដែលរងផលប៉ះពាល់។
លោក Fico បាននិយាយកាលពីពេលមុនថា រដ្ឋាភិបាលរបស់លោកនឹងពិចារណាលើវិធានការនានា រួមទាំងការកាត់ការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសអ៊ុយក្រែន ផងដែរ។