នគរបាលថៃបាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា អគ្គិភ័យបានឆាបឆេះសណ្ឋាគារមួយនៅជិតផ្លូវ Khao San ទីក្រុងបាងកក ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ ដោយបានសម្លាប់ជនបរទេស ៣នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។

លោកវរសេនីយ៍ឯក Sanong Saengmanee បានប្រាប់សារព័ត៌មាន AP ថា អ្នកទាំងបីនាក់ដែលបានស្លាប់នៅក្នុងភ្លើងកាលពីយប់ថ្ងៃអាទិត្យ គឺជាអ្នកទេសចរបរទេសទាំងអស់។ ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅកន្លែងកើតហេតុ និងពីរនាក់ទៀតស្លាប់បន្ទាប់ពីដឹកទៅមន្ទីរពេទ្យ។

នគរបាលបាននិយាយថា អគ្គិភ័យបានឆាបឆេះនៅជាន់ទី ៥ នៃសណ្ឋាគារ Ember Hotel កម្ពស់ ៦ ជាន់។ ផ្លូវ Khao San គឺជាផ្លូវដ៏ពេញនិយមមួយសម្រាប់ជនបរទេសនៅក្នុងរាជធានីថៃ ដែលត្រូវបានគេស្គាល់ផងដែរសម្រាប់ការកម្សាន្តពេលរាត្រីដ៏រស់រវើក។
អណ្តាតភ្លើងត្រូវបានពន្លត់ ហើយមូលហេតុនៃការឆាបឆេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
មនុស្សចំនួន ៧៥នាក់បានស្នាក់នៅក្នុងសណ្ឋាគារនៅពេលភ្លើងឆេះ។ មនុស្ស៧នាក់បានរងរបួស ក្នុងនោះមានជនជាតិថៃ២នាក់ និងជនបរទេស៥នាក់ ៕