សេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីប បានជួបបញ្ហាប្រឈមសំខាន់ៗក្នុងឆ្នាំ២០២៤ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយជម្លោះដែលកំពុងបន្តរបស់អ៊ីស្រាអែល ជាមួយតំបន់ហ្កាហ្សាស្ទ្រីប និងភាពតានតឹងផ្សេងទៀតនៅក្នុងតំបន់ ជាពិសេសមជ្ឈិមបូព៌ា។

នៅក្នុងត្រីមាសទីមួយ សេដ្ឋកិច្ចអេហ្ស៊ីប បានមើលឃើញអត្រាអតិផរណាខ្ពស់ កំណើនទីផ្សារងងឹតនៃរូបិយប័ណ្ណបរទេស ការធ្លាក់ចុះនៃលំហូរប្រាក់ចំណូលសំខាន់ៗ និងការធ្លាក់ចុះទុនបម្រុងរបស់ធនាគារកណ្តាល ក្រោមស្រមោលសង្គ្រាមអ៊ុយក្រែន និងជម្លោះនៅប្រទេសជិតខាងស៊ូដង់ លីប៊ី តំបន់ហ្កាហ្សា និងយេម៉ែន។

ប្រទេសនេះ ត្រូវបានស្រោចស្រង់ដោយកិច្ចព្រមព្រៀងវិនិយោគអចលនទ្រព្យទំហំ ៣៥ពាន់លានដុល្លារ ជាមួយអារ៉ាប់រួម និងកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៨ពាន់លានដុល្លារ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។ អ្នកជំនាញនិយាយថា កិច្ចសហប្រតិបត្តិការជាមួយ IMF អាចនាំឱ្យមានលទ្ធផលល្អ ប៉ុន្តែភាពចលាចលក្នុងតំបន់ក៏បានធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។

អេហ្ស៊ីប កំពុងបន្តកិច្ចប្រឹងប្រែងជាមួយក្រុមអ្នកចរចាផ្សេងទៀត ដើម្បីសម្របសម្រួលបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដើម្បីផ្អាកវិបត្តិដែលបំផ្លិចបំផ្លាញសេដ្ឋកិច្ចប្រទេសជាច្រើន។ ប្រជាជនអេហ្ស៊ីប សង្ឃឹមថាឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំទទួលផលនៃកំណែទម្រង់ដ៏លំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕