ប្រទេសលីបង់ ប្រឈមមុខនឹងវិបត្តិជាច្រើន ខណៈឆ្នាំ២០២៤ ជិតបញ្ចប់ ដោយជួបនឹងផលវិបាកដោយសារជម្លោះដ៏បំផ្លិចបំផ្លាញរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ការដួលរលំផ្នែកហិរញ្ញវត្ថុដ៏អូសបន្លាយចាប់តាំងពីឆ្នាំ២០១៩ និងការជាប់គាំងផ្នែកនយោបាយដែលកំពុងបន្ត ព្រោះតែមិនមានប្រធានាធិបតីថ្មី ដែលនឹងនាំយកបញ្ហាទាំងអស់នេះចូលទៅឆ្នាំ២០២៥។

សង្គ្រាមដែលបានផ្ទុះឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហេសបូឡា បានបើកជួរមុខគាំទ្រតំបន់ហ្លាហ្សាស្ទ្រីប ក្រោយការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល បានកើនឡើងយ៉ាងគ្រោះថ្នាក់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ជម្លោះនេះបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់ម៉ឺននាក់របួសនៅលីបង់ ព្រមទាំងការខូចខាតយ៉ាងធំទូលាយ។

លីបង់ កំពុងប្រឈមមុខនឹងវិបត្តិដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន ដោយសារការដួលរលំសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចាប់ផ្តើមនៅឆ្នាំ២០១៩ បូករួមនឹងជម្លោះ។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM របស់អង្គការសហប្រជាជាតិ និយាយថា មនុស្សជិត ៨៨៦.០០០នាក់ ត្រូវភៀសខ្លួននៅលីបង់។

បញ្ហានយោបាយដ៏អាក្រក់បំផុតនោះ គឺទីក្រុងបេរូត នៅតែគ្មានប្រធានាធិបតីពេញមួយឆ្នាំ២០២៤ ខណៈសភាបានបរាជ័យម្តងហើយម្តងទៀតក្នុងការបោះឆ្នោតរើសមេដឹកនាំថ្មី ហើយការជាប់គាំងនយោបាយបន្តអូសបន្លាយ៕