បាល់ទាត់៖ ក្រុមបាល់ទាត់ដែលស្ថិតនៅលីគកំពូលកម្ពុជា អគ្គិសនីកម្ពុជាបានប្រកាសជ្រើសរើសយុវជនអាយុក្រោម ១៥ឆ្នាំ ខណៈបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជាកំពុងមានការរីកចម្រើន។ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្លិបបាល់ទាត់អគ្គិសនីកម្ពុជាបានរំលេងឡើងថា ដើម្បីចូលរួមអភិវឌ្ឍបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានការរីកចម្រើនទៅពេលអនាគត ក្លិបនឹងបើកទទួលបង្ហាត់បង្រៀនដល់ឥតគិតថ្លៃដល់យុវជនអាយុក្រោម ១៥ឆ្នាំបន្ថែមទៀតសម្រាប់ឆ្នាំ២០២១ នេះ។

ប្រភពបន្ថែមថា ក្លិបបើកទទួលពាក្យស្នើសុំហ្វឹកហាត់សម្រាប់យុវជនដែលបានដាក់ពាក្យ ៣០០នាក់ដំបូងគេតែប៉ុណ្ណោះ ហើយយុវជនដែលមានសមត្ថភាព និងទេព្យកោសល្យខ្ពស់ក្នុងចំណោមយុវជនដែលបានដាក់ពាក្យ ៣០០នាក់នឹងក្លាយជាយុវជនថ្នាលរបស់ក្លិនអគ្គិសនីកម្ពុជា ព្រមទាំងមានឱកាសចូលរួមក្នុងការប្រកួតពានរង្វាន់ថ្នាក់យុវជន និងពានរង្វាន់ថ្នាក់ជាតិនានា។ ជាមួយគ្នានេះក្លិបក៏បានបញ្ជាក់ពីលក្ខខ័ណ្ឌដែលត្រូវដាក់ពាក្យផងដែរ រួមមានយុវជនខ្មែរអាយុក្រោម ១៥ឆ្នាំ (ឆ្នាំកំណើត ២០០៦-២០០៨), មានកាយសម្បទាមាំមួន (កម្ពស់ពី ១ម៉ែត្រ៧០ទៅមានអាទិភាពខ្ពស់), មានទីលំនៅនៅភ្នំពេញ កំពង់ស្ពឺ និងខេត្តកណ្តាល។ ចំពោះការបំពេញប្រវត្តិរូបចូលទៅកាន់តំណ www.edc.com.kh/id/902912288 រឺស្កេន QR Code ហើយកាលបរិច្ឆេទសាកល្បងសមត្ថភាពនឹងជូនដំណឹងតាមប្រព័ន្ធទូរស័ព្ទ និងហ្វេសប៊ុករបស់ក្លិប៕
អត្ថបទ៖ គង់ ហួន