ជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ ដែលភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញនៅសហភាពមីយ៉ាន់ម៉ា បានរកឃើញទីសុវត្ថិភាពនៅក្នុងទឹកដីឥណ្ឌា ប៉ុន្តែជីវិតរបស់ពួកគេពោរពេញដោយភាពភ័យខ្លាចនៃការចាប់ឃុំខ្លួន ឬអាក្រក់ជាងនេះទៅទៀតគឺត្រូវនិរទេសត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ដែលសហគមន៍រ៉ូហ៊ីងយ៉ាជាច្រើនបន្តរងការវាយប្រហារ។ នៅពេលនេះ ក្ដីបារម្ភទាំងនោះកាន់តែកើនឡើងខ្លាំង ខណៈយុទ្ធនាការបោះឆ្នោតសភានៅទីក្រុងញូវដេលី ចាប់ផ្ដើម ដោយបេក្ខជន ហាក់មិនសូវគាំទ្រជនជាតិរ៉ូហ៊ីងយ៉ា។

ឥណ្ឌា ជាជម្រករបស់ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៤០.០០០នាក់ នេះបើតាមរដ្ឋាភិបាល។ ប្រហែល ២២.៥០០នាក់ បានចុះឈ្មោះជាជនភៀសខ្លួនជាមួយទីភ្នាក់ងារជនភៀសខ្លួន UNHCR។ ប៉ុន្តែ ឥណ្ឌាមិនទទួលស្គាល់ឋានៈជនភៀសខ្លួនរបស់ពួកគេទេ ហើយផ្ទុយទៅវិញចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ា ដែលចូលទឹកដីខ្លួនដោយគ្មានការអនុញ្ញាត ថាជាជនអន្តោប្រវេសន៍ខុសច្បាប់។

ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្តីបារម្ភបានកើនឡើងខ្លាំង ជាពិសេសសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៤.០០០នាក់ ឬច្រើននាក់ទៀតនៅក្នុងទីក្រុងដេលី ដែលបានមើលឃើញខ្លួនឯងថាជាជនរងគ្រោះក្នុងការបោះឆ្នោត ខណៈយុទ្ធនាការកាន់តែក្តៅគគុកសម្រាប់ការបោះឆ្នោតសភាក្រុងដេលី ក្នុងខែកុម្ភៈ ឆ្នាំ២០២៥។

មនោសញ្ចេតនាប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា បាននិងកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដោយតំណាងរាស្រ្តគណបក្ស BJP របស់លោកនាយករដ្ឋមន្ត្រី Narendra Modi នាពេលកន្លងមក បានពណ៌នាជនជាតិរ៉ូហ៊ីងយ៉ាថាជា "ភេរវករ" និងជនអន្តោប្រវេសន៍ខុសច្បាប់ "មានទំនាក់ទំនងជាមួយសកម្មភាពខុសឆ្គង និងខុសច្បាប់ជាច្រើន"៕