ទីភ្នាក់ងារព័ត៌មានរដ្ឋ AIM បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលប្រទេសម៉ូហ្សំប៊ិក បានបង្កើតគណៈកម្មការ ដើម្បីស៊ើបអង្កេតការរត់គេចខ្លួនរបស់អ្នកទោសដ៏ច្រើន ពីអគារពន្ធនាគារចំនួនពីរកន្លែងនៅក្នុងរដ្ឋធានី Maputo របស់ប្រទេស ដែលបានកើតឡើងកាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ។

ការរត់គេចខ្លួននេះមានជាប់ពាក់ព័ន្ធនឹងអ្នកទោសចំនួន១.៥៣៤នាក់ពីពន្ធនាគារកណ្តាល និងពន្ធនាគារមានសន្តិសុខខ្ពស់ Machava ដែលគេស្គាល់ថា B.O. បណ្តាលឱ្យមានការប៉ះទង្គិចគ្នាជាមួយបុគ្គលិកអង្គភាពសេវាពន្ធនាគារជាតិ ដែលក្នុងនោះយ៉ាងហោចណាស់មនុស្ស៣៣នាក់ បានស្លាប់។

គណៈកម្មការ ដែលបានចាប់ផ្តើមការងាររបស់ខ្លួនរួចហើយ មានគោលបំណងស្វែងយល់ពីកាលៈទេសៈនៃការរត់គេចខ្លួន កំណត់អត្តសញ្ញាណការបរាជ័យទាំងផ្នែកខាងក្នុងនិងខាងក្រៅ ដែលអាចកើតមាន និងកំណត់ពីការធ្វេសប្រហែសរបស់អ្នកទទួលខុសត្រូវផ្នែកសន្តិសុខ។
គណៈកម្មការស៊ើបអង្កេត ក៏នឹងវិភាគអំពីអ្នកស្លាប់ដែលបានកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការដែលកំពុងធ្វើឡើង ដើម្បីស្វែងរកនិងចាប់ខ្លួនអ្នកទោសរត់គេចខ្លួន។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កិច្ចការរដ្ឋធម្មនុញ្ញនិងសាសនា បានឲ្យដឹងថា អ្នកទោសប្រហែល២៨០នាក់ ត្រូវបានចាប់ខ្លួនយកមកវិញ។