អាជ្ញាធរនៅក្នុងតំបន់ផ្តាច់ខ្លួន Transdniestria របស់ប្រទេសម៉ុលដាវី កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់ស្ថាប័នរដ្ឋមួយចំនួន ខណៈកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យឧស្ម័នរុស្ស៊ីឆ្លងកាត់ប្រទេសអ៊ុយក្រែន ឈានដល់ទីបញ្ចប់នៅចុងឆ្នាំនេះ។

ការកាត់ផ្តាច់នេះ ត្រូវបានដាក់រយៈពេលពីរថ្ងៃ មុនកិច្ចព្រមព្រៀងឆ្លងកាត់ ត្រូវដល់ពេលកំណត់ បន្ទាប់ពីការបដិសេធរបស់អ៊ុយក្រែន មិនបន្តកិច្ចព្រមព្រៀងក្នុងពេលមានសង្គ្រាម។
វា បានបង្កឱ្យមានការព្រួយបារម្ភចំពោះការកាត់ផ្តាច់ចរន្តអគ្គិសនីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល នៅប្រទេសម៉ុលដាវី។
ក្រុមហ៊ុនដែលចែកចាយឧស្ម័ននៅក្នុងតំបន់ផ្តាច់ខ្លួនគាំទ្ររុស្ស៊ី Tiraspoltransgaz បាននិយាយថា ស្ថាប័នរដ្ឋចំនួន១២ ត្រូវបានកាត់ផ្តាច់ នៅជុំវិញទីក្រុង Dubasari និងទីក្រុង Bender នៅតាមព្រំដែនជាមួយតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រទេសម៉ុលដាវី។

ស្ថាប័នទាំងនេះរួមមាន គ្រឹះស្ថានអប់រំចំនួនបួន និងអគារមន្ទីរពេទ្យ ព្រមទាំងប៉ុស្តិ៍នគរបាល និងការិយាល័យរដ្ឋអាជ្ញា។
ការកាត់ផ្តាច់នេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនថាមពលយក្ស Gazprom របស់រុស្ស៊ី បាននិយាយថា ក្រុមហ៊ុននឹងផ្អាកការនាំចេញឧស្ម័នទៅកាន់ប្រទេសម៉ុលដាវី ចាប់ពី ថ្ងៃទី១ខែមករា ដោយសារប្រទេសម៉ុលដាវី នៅពុំទាន់បានសងបំណុល។
ប្រទេសម៉ុលដាវី ជំទាស់នឹងការចោទប្រកាន់លើការជាប់ជំពាក់បំណុលសម្រាប់ការដឹកជញ្ជូនឧស្ម័នកាលពីពេលមុន និងបានចោទប្រកាន់រុស្ស៊ី ពីបទធ្វើឱ្យប្រទេសនេះមានអស្ថិរភាព។