ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានឲ្យដឹងថា កងកម្លាំងតាលីបង់អាហ្វហ្គានីស្ថាន បានវាយប្រហារលើទីតាំងជាច្រើន នៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីយោធាប៉ាគីស្ថាន បានបើកការវាយឆ្មក់តាមអាកាសយ៉ាងសាហាវទៅលើទឹកដីរបស់ខ្លួន នៅក្នុងការកើនឡើងភាពតានតឹងចុងក្រោយបង្អស់។

កងទ័ពអាកាសប៉ាគីស្ថាន បានទម្លាក់គ្រាប់បែកលើខេត្ត Paktika ភាគអាគ្នេយ៍នៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ ដោយអះអាងថា ខ្លួនកំពុងកំណត់គោលដៅលើកន្លែងលាក់ខ្លួនរបស់របស់ក្រុម Tehreek-e-Taliban Pakistan ដែលជាក្រុមតាលីបង់ប៉ាគីស្ថាន ជាក្រុមសកម្មប្រយុទ្ធដាច់ដោយឡែកពីក្រុមតាលីបង់អាហ្វហ្គានីស្ថាន។

ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានអះអាង បន្ទាប់ពីការវាយប្រហារនេះថា ការវាយឆ្មក់នោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី។
ដោយប្រកាសពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំណុចជាច្រើនហួសពីខ្សែបន្ទាត់សន្មត...ត្រូវបានកំណត់គោលដៅ ក្នុងការសងសឹក»។
ខណៈពេលដែលសេចក្តីថ្លែងការណ៍ មិនបាននិយាយអំពីប្រទេសប៉ាគីស្ថាន «ខែ្សបន្ទាត់សន្មត» គឺសំដៅទៅលើព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ដែលជាផ្នែកមួយនៃខ្សែបន្ទាត់ Durand Line ជាព្រំដែនសម័យអាណានិគម ដែលបែងចែកតំបន់ និងសហគមន៍រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នាពេលបច្ចុប្បន្ន។ ព្រំដែននេះ មិនដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាលអាហ្វហ្គានីស្ថានណាមួយ ឡើយ។