បាល់ទាត់៖ ក្លិបបាល់ទាត់ Aston Villa ត្រូវបានគេដឹងថា បានធ្វើទំនាក់ទំនងទៅកាន់អតីតអ្នកចាត់ការក្លិបអ៊ីតាលី AS Roma លោក Paulo Fonseca នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។ អ្នកចាត់ការ Aston Villa បច្ចុប្បន្នលោក Dean Smith កំពុងមានសំពាធបន្ទាប់ពីដឹកនាំក្រុមចាញ់ ៤ប្រកួតជាប់គ្នាធ្លាក់ខ្លួនដល់លេខ ១៥ ក្នុងតារាងលេង ១០ប្រកួតមានតែ ១០ពិន្ទុ និងនៅពីលើតំបន់គ្រោះថ្នាក់តែ ៣ពិន្ទុប៉ុណ្ណោះ។

បួនប្រកួតចុងក្រោយរបស់ Aston Villa រួមមានចាញ់ Spurs ២-១, ចាញ់ Wolves ២-៣, ចាញ់ Arsenal ៣-១ និងចុងក្រោយចាញ់ West Ham ៤-១ កាលពីថ្ងៃអាទិត្យ។ លោក Dean Smith បានចូលមកកាន់តំណែងដឹកនាំ Aston Villa កាលពីឆ្នាំ២០១៨ រួមជាមួយអតីតខ្សែការពារ Chelsea, John Terry ជាជំនួយការ។ ចំណែកលោក Paulo Fonseca បានក្លាយជាបេក្ខភាពដ៏មានប្រជាប្រិយភាពម្នាក់ដែលមកកាន់ការនៅទឹកដីអង់គ្លេស បន្ទាប់ពីអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះក៏ស្ថិតក្នុងបញ្ជីចង់បានរបស់ Newcastle United ផងដែរ៕
អត្ថបទ៖នាង សុភាវុធ