ប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ បានច្រានចោលរបាយការណ៍របស់អង្គការអន្តរជាតិ ដែលបង្ហាញពីការរីករាលដាលនៃគ្រោះទុរ្ភិក្ស នៅក្នុងប្រទេសនេះ។

រដ្ឋាភិបាលស៊ូដង់ បានពណ៌នាអំពីរបាយការណ៍ដែលទើបចេញថ្មីៗនេះ ដោយប្រព័ន្ធចាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា(IPC) ដែលជាក្រុមឃ្លាំមើលភាពស្រេកឃ្លានជាសាកល ដោយផ្អែកលើស្តង់ដាមិនត្រឹមត្រូវ និងលទ្ធផលប៉ាន់ស្មាន។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេស បានឲ្យដឹងថា៖«របាយការណ៍នេះ ពឹងផ្អែកលើព័ត៌មានហួសសម័យ ការទំនាក់ទំនងពីចម្ងាយ និងប្រភពបន្ទាប់បន្សំ ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីភាពជឿជាក់នៃរបាយការណ៍។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«រដ្ឋាភិបាលស៊ូដង់ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត និងការខ្នះខ្នែងរបស់ខ្លួន ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាជន បង្កើនសន្តិសុខស្បៀង និងដោះស្រាយបញ្ហាឫសគល់នៃវិបត្តិមនុស្សធម៌»។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ IPC បានលើកឡើងថា គ្រោះទុរ្ភិក្សមានវត្តមាន នៅក្នុងតំបន់យ៉ាងហោចណាស់ចំនួន ៥ នៃប្រទេសស៊ូដង់ រួមទាំងជំរំជនភៀសខ្លួន Zamzam នៅរដ្ឋ North Darfur និងផ្នែកខ្លះនៃភ្នំ Nuba ភាគខាងលិច។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថាតំបន់ចំនួន ១៧ផ្សេងទៀត ក្នុងប្រទេសស៊ូដង់កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។