ប្រទេសទួរគីកាលពីថ្ងៃអាទិត្យ បានប្រកាសផែនការអភិវឌ្ឍន៍ក្នុងតំបន់មានទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារ ដែលមានគោលបំណងកាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងតំបន់ភាគអាគ្នេយ៍ ដែលមានជនជាតិឃើដភាគច្រើនរស់នៅ និងប្រទេសទាំងមូល។
ការប្រកាសនេះ ធ្វើឡើង ចំពេលមានក្តីសង្ឃឹមកើនឡើងសម្រាប់ការបញ្ចប់ការបះបោររយៈពេលជាច្រើនទស្សវត្សរ៍ ដែលធ្វើឡើងដោយគណបក្សពលករឃើដ ឬ PKK ដែលត្រូវបានចាត់ទុកថា ខុសច្បាប់ នៅភាគអាគ្នេយ៍បប្រទេសទួរគី ក៏ដូចជាការមកដល់នៃថ្នាក់ដឹកនាំថ្មី នៅក្នុងប្រទេសស៊ីរី ដែលនៅជិតខាងជាមួយនឹងទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ជាមួយទីក្រុងអង់ការ៉ា។
ខេត្តភាគខាងកើត និងភាគអាគ្នេយ៍នៃប្រទេសទួរគី មានភាពយឺតយ៉ាវយូរជាងតំបន់ផ្សេងទៀតនៃប្រទេសនេះ ក្នុងសូចនាករសេដ្ឋកិច្ចភាគច្រើន រួមទាំងផលិតផលក្នុងស្រុកសរុប(GDP)សម្រាប់មនុស្សម្នាក់ ដែលមួយផ្នែកជាលទ្ធផលនៃការបះបោរ។
រដ្ឋមន្ត្រីឧស្សាហកម្មទួរគីលោក Fatih Kacir បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Sanliurfa ភាគអាគ្នេយ៍ថា រដ្ឋាភិបាលនឹងចំណាយប្រាក់សរុបចំនួន ៤៩៦,២ ពាន់លានលីរ៉ា (១៤,១៥ពាន់លានដុល្លារ) លើគម្រោងចំនួន ១៩៨ នៅទូទាំងតំបន់ ក្នុងរយៈពេលរហូតដល់ឆ្នាំ ២០២៨។
លោកបានបន្ថែមថា៖«ជាមួយនឹងការអនុវត្តគម្រោងនេះ យើងរំពឹងថា នឹងមានការកើនឡើងចំនួន ៤៩.00០ លីរ៉ា (១.៤០០ ដុល្លារ) នៅក្នុងប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗ នៅក្នុងតំបន់នេះ» ។