អ្នកនយោបាយមកពីរដ្ឋាភិបាល និងក្រុមប្រឆាំង នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ (ទី២៩ ខែធ្នូ) បានរិះគន់មហាសេដ្ឋី លោក Elon Musk ចំពោះទស្សនៈដែលលោកបានសរសេរគាំទ្រក្រុមស្តាំនិយម គឺគណបក្សជម្រើសផ្សេង សម្រាប់អាល្លឺម៉ង់ (AfD) ដោយពួកគេចាត់ទុកថា នេះជា «ការជ្រៀតជ្រែក» ជះឥទ្ធិពលពីខាងក្រៅ។
ការគាំទ្រលើគណបក្ស AfD ពីលោក Musk ដែលគ្រោងនឹងចូលបម្រើការរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ជាទីប្រឹក្សាពីខាងក្រៅ កើតឡើងនៅពេលដែលប្រជាជនអាល្លឺម៉ង់គ្រោង នឹងបោះឆ្នោតនៅថ្ងៃទី២៣ ខែកុម្ភៈ បន្ទាប់ពីរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយអធិការបតី Olaf Scholz បានដួលរលំ។
ការអត្ថាធិប្បាយដែលបានបោះពុម្ពផ្សាយជាភាសាអាល្លឺម៉ង់ នៅលើទំព័រសារព័ត៌មាន Welt am Sonntag ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីរបស់ក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយ Axel Springer ត្រូវបានលោក Musk បង្ហោះបន្តនៅលើវេទិកាបណ្ដាញសង្គម X កាលពីសប្តាហ៍មុន ដែលលោកបានសរសេរថា «មានតែគណបក្ស AfD ទេដែលអាចជួយសង្គ្រោះប្រទេសអាល្លឺម៉ង់បាន» និងបានសរសើរវិធីសាស្រ្តរបស់គណបក្សនេះ ដែលមានចំពោះបទប្បញ្ញត្តិ ពន្ធ និងការសម្រាលបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងទីផ្សារ។
ជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយពីការអត្ថាធិប្បាយរបស់លោក Musk និពន្ធនាយកនៃផ្នែកការបញ្ចេញទស្សនៈរបស់សារព័ត៌មាននេះ បានឲ្យដឹងនៅលើបណ្ដាញសង្គម X របស់ខ្លួនថា លោកស្រីបានលាលែងពីតំណែង។
មេដឹកនាំគណបក្សប្រឆាំង Christian Democrats (CDU) និងដែលបច្ចុប្បន្ន កំពុងមានសិទ្ធិខ្ពស់ជាងគេ ក្នុងការបន្តតំណែងអធិការបតីពីលោក Scholz គឺលោក Friedrich Merz បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Funke Media Group ថា៖ «ខ្ញុំមិនអាចមិនរំលឹកនូវករណីប្រៀបធៀបពីការជ្រៀតជ្រែកបាននោះឡើយ ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសលទ្ធិប្រជាធិបតេយ្យលោកខាងលិច អំឡុងយុទ្ធនាការការបោះឆ្នោតនៃប្រទេសជាមិត្ត»។
លោក Merz បានពណ៌នាការអធិប្បាយនេះថា ជាទង្វើជ្រៀតជ្រែក និងគួរឲ្យហួសចិត្ត។ ចំណែកលោកស្រី Saskia Esken សហមេដឹកនាំនៃគណបក្សសង្គមប្រជាធិបតេយ្យរបស់លោក Scholz បានប្តេជ្ញាតស៊ូមិនរាថយ ចំពោះការប៉ុនប៉ងរបស់តួអង្គរដ្ឋ ក៏ដូចជាអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានឥទ្ធិពល ដែលមានបំណងជះឥទ្ធិពលដល់ការបោះឆ្នោតរបស់ប្រទេសអាល្លឺម៉ង់៕