ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារដងផ្លូវនៅក្នុងទីក្រុង Magee រដ្ឋ Mississippi សហរដ្ឋអាមេរិក ពេលដែលព្យុះកួចបង្កឡើងដោយសារប្រព័ន្ធព្យុះខ្លាំង ធ្វើដំណើរឆ្លងកាត់តំបន់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅ ។
សេវាកម្មឧតុនិយមជាតិ និងក្រុមនគរបាលក្នុងស្រុក និយាយថា ព្យុះកួចយ៉ាងហោច ១០ព្យុះ បានបោកបក់លើរដ្ឋភាគអាគ្នេយ៍ Texas, Louisiana និង Mississippi របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់នៅជិតទីក្រុង Houston ។
គិតត្រឹមរសៀលថ្ងៃអាទិត្យ អភិបាលរដ្ឋ Mississippi លោក Tate Reeves បានបញ្ជាក់ពីករណីស្លាប់មនុស្ស ៣នាក់នៅក្នុងរដ្ឋ ។ មនុស្សម្នាក់ ស្លាប់ និងមនុស្ស ២នាក់ រងរបួស ត្រូវបានរាយការណ៍ថាកើតមាននៅស្រុក Adams ។
ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋ Mississippi បាននិយាយថា យុវជនម្នាក់ បានស្លាប់ ពេលដើមឈើបាក់សង្កត់លើផ្ទះមួយខ្នងនៅក្នុងទីក្រុង Natchez ហើយករណីស្លាប់មនុស្សទី ២ ត្រូវបានរាយការណ៍ថា កើតមាននៅក្នុងស្រុក Lowndes ។
ដោយឡែក មនុស្សជាង ១៥ម៉ឺនគ្រួសារគ្មានចរន្តអគ្គិសនីប្រើប្រាស់ ពេលព្យុះធ្វើដំណើរឆ្ពោះទៅកាន់ទិសខាងកើត ។
អាកាសធាតុអាក្រក់នេះដែរ បង្កការរំខានដល់ការធ្វើដំណើររដូវវិស្សកាលនៅទូទាំងសហរដ្ឋអាមេរិក ពន្យាពេល ឬលុបចោលជើងហោះហើររាប់ពាន់វ៉ុលនៅទូទាំងប្រទេស ៕