ក្រុមគ្រួសារជនរងគ្រោះធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jeju របស់កូរ៉េខាងត្បូង សង្ឃឹមថា អដ្ឋិធាតុមនុស្សជាទីស្រលាញ់របស់ពួកគេ អាចនឹងកំណត់អត្តសញ្ញាណក្នុងពេលដ៏ខ្លីខាងមុខនេះ ពេលដែលក្រុមអ្នកស៊ើបអង្កេតប្រឹងប្រែងកំណត់មូលហេតុបណ្តាលឲ្យកើតមានគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង ។
ក្រុមមន្រ្តីពន្លត់អគ្គិភ័យ និយាយថា ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលថាតើការវាយប្រហាររបស់សត្វស្លាប និងស្ថានភាពអាកាសធាតុ អាចជាកត្តានាំឲ្យកើតមានហេតុការណ៍ធ្លាក់យន្តហោះមួយនេះ ឬយ៉ាងណា ។
ក្រុមអ្នកជំនាញ និយាយថា សំនួរជាច្រើននៅមាន រួមទាំងសំនួរថាតើយន្តហោះដើរដោយម៉ាស៊ីនភ្លោះ CFM 56-7B26 អាចនឹងហោះហើរលឿនខ្លាំងពេកឬយ៉ាងណា ហើយហេតុអ្វីបានជាកង់ចុះចតអត់ឃើញធ្លាក់ចុះក្រោម ពេលដែលវាលោតផុតផ្លូវរត់ទៅបុកជញ្ជាំង ។

ក្រុមអ្នកស៊ើបអង្កេត និយាយប្រាប់សន្និសីទសារព័ត៌មានជាមួយសមាជិកគ្រួសារនៅអាកាសយានដ្ឋានអន្តរជាតិ Muan ថា សមាជិកក្រុមកោសល្យវិច្ច័យជាតិ បន្តបោសសម្អាតបំណែកយន្តហោះ ដើម្បីស្វែងរកអដ្ឋិធាតុជនរងគ្រោះ ។
សូមបញ្ជាក់ថា អ្នកដំណើរទាំងអស់ ១៧៥នាក់ និងអាកាសយានិក ៤នាក់ ក្នុងចំណោមអាកាសយានិក ៦នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ពេលដែលយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju ធ្លាក់ ពេលចុះចតលោតផុតផ្លូវរត់នៅក្នុងអាកាសយានដ្ឋាន Muan ផ្ទុះជាអណ្តាតភ្លើងឡើង ពេលវាបុកជញ្ជាំង ។ អាកាសយានិក ២នាក់ដែលនៅរស់ ត្រូវបានទាញចេញពីបំណែកយន្តហោះ ៕

