នគរបាលហ្វាំងឡង់ កាលពីថ្ងៃអាទិត្យ (ទី២៩ ខែធ្នូ) បានប្រាប់ឲ្យដឹងថា ពួកគេបានរកឃើញស្នាមជាច្រើនគីឡូម៉ែត្រ ដែលអូសតាមបាតសមុទ្របាល់ទិក ជាកន្លែងដែលនាវាដឹកប្រេងរបស់រុស្ស៊ី ត្រូវបានសង្ស័យថា បានធ្វើឲ្យដាច់ខ្សែថាមពល និងខ្សែទូរគមនាគមន៍ចំនួន ៤ខ្សែ ដោយយុថ្ការបស់នាវានេះ។
នាវា Eagle S ដែលត្រូវបានចុះបញ្ជីនៅកោះ Cook ត្រូវបាននគរបាលហ្វាំងឡង់ និងមន្ត្រីឆ្មាំល្បាតឆ្នេរឡើង កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក ហើយបានបើកនាវានោះចូលទៅក្នុងដែនទឹកហ្វាំងឡង់ ជាកន្លែងដែលនាវិករបស់នាវាដឹកប្រេងត្រូវបានចាប់ឃាត់នេះ កំពុងត្រូវបានសាកសួរ។

គួរបញ្ជាក់ថា បណ្តាប្រទេស នៅសមុទ្របាល់ទិក មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការដាច់ខ្សែថាមពល បណ្តាញទូរគមនាគមន៍ និងបំពង់បង្ហូរប្រេង ឬហ្គាសជាបន្តបន្ទាប់ ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) បានឲ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួននឹងជំរុញដល់វត្តមានរបស់ខ្លួន នៅក្នុងតំបន់នេះ។
ប្រតិបត្តិករបណ្តាញ បានប្រាប់ថា ការដាច់ខ្សែថាមពល ៦៥៨មេហ្គាវ៉ាត់ Estlink 2 ដែលតភ្ជាប់រវាងហ្វាំងឡង់ និងអេស្តូនី បានកើតឡើងកាលពីថ្ងៃត្រង់ថ្ងៃពុធ (ទី២៥ ខែធ្នូ) ដោយបន្សល់ទុកតែខ្សែថាមពល ៣៥៨មេហ្គាវ៉ាត់ Estlink 1 ដែលតភ្ជាប់ប្រទេសទាំង២។ ពួកគេបាននិយាយថា ខ្សែថាមពល Estlink 2 ប្រហែលជាមិនអាចដំណើរការឡើងវិញនោះទេ នៅមុនខែសីហា។ នគរបាលហ្វាំងឡង់សង្ស័យថា នាវា Eagle S បង្កការខូចខាតដោយអូសយុថ្កាតាមបាតសមុទ្រនេះ៕

