ស្លូវ៉ាគីបានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលថា នាយករដ្ឋមន្ត្រី លោក Robert Fico បានបើក «សមរភូមិថាមពលទី២» ប្រឆាំងនឹងទីក្រុងគីវ ដោយសារការបញ្ជារបស់រុស្ស៊ី ខណៈដែលជម្លោះបញ្ជូនហ្គាសឆ្លងកាត់ មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ រវាងប្រទេសទាំងនេះ។
រដ្ឋមន្ត្រីការបរទេស លោក Juraj Blanar កាលពីថ្ងៃអាទិត្យ (ទី២៩ ខែធ្នូ) បាននិយាយថា ប្រទេសស្លូវ៉ាគីកំពុងតាមដានយ៉ាងដិតដល់នូវសារពីអ៊ុយក្រែន ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់លោក Fico ហើយបានប្រាប់ថា ការលើកឡើងរបស់លោក Zelenskiy អំពីសម្ព័ន្ធភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបាន «ប្រឌិដ្ឋឡើង»។

តាមរយៈការបង្ហោះលើបណ្ដាញសង្គម Facebook លោក Blanar បានរៀបរាប់ថា៖ «ពួកយើងយល់ច្បាស់ថា ពួកគេប្រឈមនឹងការមានសង្រ្គាមរយៈពេលវែងជាមួយគ្នា ប៉ុន្តែនោះហើយជាមូលហេតុដែលពួកគេមិនគួរបង្កើតឲ្យមានសត្រូវថ្មីទៀតឡើយ ហើយពាក្យប្រឌិដ្ឋ ពាក់ព័ន្ធទៅនឹងការបង្កើតសមរភូមិទី២ ព្រោះរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប ក្នុងនោះរួមទាំងស្លូវ៉ាគីផងដែរ គាំទ្រអ៊ុយក្រែន និងប្រជាជនរបស់ប្រទេសនេះ»។
គួរបញ្ជាក់ថា អ៊ុយក្រែនបញ្ជូនហ្គាសធម្មជាតិរបស់រុស្ស៊ីឆ្លងកាត់ដែនដីរបស់ខ្លួនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន ក្នុងនោះរួមទាំងស្លូវ៉ាគីផងដែរ ប៉ុន្តែគេរំពឹងថា នឹងបញ្ឈប់លំហូរនេះ នៅពេលដែលកិច្ចព្រមព្រៀងឆ្លងកាត់មានស្រាប់ ដែលត្រូវបានចុះហត្ថលេខា មុនពេលមានការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ផុតកំណត់នៅចុងឆ្នាំនេះ។
លោក Fico ដែលបានទៅសួរសុខទុក្ខលោក Putin នៅទីក្រុងមូស្គូ កាលពីមួយសប្តាហ៍មុន បាននិយាយកាលពីថ្ងៃសុក្រថា ស្លូវ៉ាគីនឹងពិចារណាវិធានការឆ្លើយតបវិញ ចំពោះអ៊ុយក្រែន ដូចជាការបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនីជាដើម ប្រសិនបើទីក្រុងគីវ បញ្ឈប់ការបញ្ជូនហ្គាសឆ្លងកាត់ ចាប់ពីថ្ងៃទី១ ខែមករា ដោយការលើកឡើងនេះបានជំរុញឲ្យមានការចោទប្រកាន់ពីលោក Zelenskiy ថា ស្លូវ៉ាគីកំពុងបើកឲ្យមានសមរភូមិថាមពលទី២៕
