សៀមរាប ៖ ក្រុមអ្នកជំនាញ បានបង្ហាញពីកំបោរបាយអមានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះវាបានបំពេញផ្សាភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។
អ្នកស្រី សៀង ម៉ាលីណែត ជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល ២០ឆ្នាំហើយ អ្នកស្រីមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់ ព្រោះសារធាតុផ្សុំវាជួយឱ្យឥដ្ឋប្រាសាទមានភាពរឹងមាំ និងបំបាត់ជ្រាបទឹក ជាពិសេសអ្នកជំនាញអាចយកវាទៅបិទតភ្ជាប់ដុំឥដ្ឋកុំឱ្យមានបែកប្រះស្រាំ។
អ្នកស្រីបន្ដថា កូនខ្មែរជំនាន់នេះ បានចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនដែរ។
អ្នកស្រីបន្ដថា រូបគាត់ជាអ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀត ដែលចេះជំនាញផ្សំធាតុលាយបាយអសម្រាប់ជួសជុលប្រាសាទដែលធ្វើពីឥដ្ឋនេះ ដែលជំនាញគឺចេះពីជីតារបស់គាត់ និងបានបណ្តុះបណ្តាលពីអាជ្ញាធរជាតិអប្សរាផងដែរ។
អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ថា គាត់ស្រឡាញ់ជំនាញផ្សំសារធាតុ និងការលាយបាយអ តាមរូបមន្តបុរាណខ្មែរនេះខ្លាំងណាស់ ហើយគាត់ចង់បន្តបង្រៀនជំនាញនេះទៅឱ្យកូនខ្មែរជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរ្តិ៍ដំណែលដ៏វិសេសមួយនេះ។
សារធាតុសំខាន់ៗ ដែលអាចយកមកផ្សំធ្វើជាបាយអបាន បច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដូចជា កំបោរធ្វើពីសំបកលៀស កំទេចឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង និងកាវស្បែកគោជាដើម៕






