ប្រធានសេវាស៊ើបការណ៍សម្ងាត់ស៊ីរីថ្មី កាលពីថ្ងៃសៅរ៍ បានប្រកាសពីផែនការរំលាយស្ថាប័នដែលមានការភ័យខ្លាចយ៉ាងខ្លាំង ក្រោមការគ្រប់គ្រងរបស់មេដឹកនាំផ្តាច់ការ លោក បាសា អាល់អាសាដ (Bashar al- Assad) ។
លោក Anas Khattab បាននិយាយថា៖«ស្ថាប័នសន្តិសុខ នឹងត្រូវបានកែទម្រង់ បន្ទាប់ពីការរំលាយសេវាកម្មទាំងអស់ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ តាមរបៀបដែលផ្តល់កិត្តិយសដល់ប្រជាជនរបស់យើង» ពីរថ្ងៃបន្ទាប់ពីត្រូវបានតែងតាំងឲ្យកាន់តំណែងរបស់គាត់ ដោយមេដឹកនាំថ្មីរបស់ប្រទេស ដែលបានទម្លាក់លោក អាសាដ នៅដើមខែធ្នូនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ Sana លោកបានសង្កត់ធ្ងន់លើការឈឺចាប់របស់ប្រជាជនស៊ីរី «ក្រោមការជិះជាន់ និងការធ្វើទារុណកម្មនៃរបបចាស់ តាមរយៈឧបករណ៍សន្តិសុខផ្សេងៗ ដែលបានសាប ព្រោះអំពើពុករលួយ និងធ្វើទារុណកម្មលើប្រជាជន»។
ពន្ធនាគារទាំងអស់ គឺគ្មានអ្នកទោសទេ បន្ទាប់ពីលោក អាសាដ បានដួលរលំ ខណៈមន្ត្រី និងភ្នាក់ងារនៃរបបនេះដែលត្រូវគេផ្តួលរំលំនេះ បានរត់ភៀសខ្លួន។
ភាគច្រើននៃមូលដ្ឋានយោធា ឥឡូវនេះត្រូវបានការពារដោយយុទ្ធជនរបស់ក្រុម Hayat Tahrir Al-Sham (HTS) ជាក្រុមឥស្លាមនិយមដឹកនាំក្រុមចម្រុះប្រដាប់អាវុធ ដែលបានដណ្តើមអំណាច នៅទីក្រុងដា ម៉ាស។

