យ៉ាងហោចណាស់មនុស្ស ៤៥នាក់ ត្រូវបានសម្លាប់ នៅចន្លោះថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២២ ខែធ្នូ នៅក្នុងការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់របស់អ៊ីស្រាអែល។ នេះបើយោងតាមប្រភពពីកងទ័ពលីបង់ កាលពីថ្ងៃអាទិត្យ។
ប្រភពបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ក្នុងអំឡុងពេលនោះ កងទ័ពអ៊ីស្រាអែល ក៏បានចាប់ខ្លួនមនុស្ស ១៧នាក់ មកពីទីប្រជុំជនជាប់ព្រំដែន ដែលសុទ្ធតែជាជនស៊ីវិល ធ្វើការក្នុងវិស័យកសិកម្ម និងបសុសត្វ។
ប្រភពដដែលបាននិយាយថា ការបំពានរួមមានការវាយប្រហារតាមអាកាស ការហោះហើរដោយយានដ្រូននិងយន្តហោះពីខាងលើភាគខាងកើត និងខាងត្បូងនៃប្រទេសលីបង់ ការបាញ់ផ្លោងកាំភ្លើងធំ ការបាញ់កាំភ្លើងយន្ត ការលុកលុយ ការឈូសឆាយផ្លូវថ្នល់ និងស្រែកសិកម្ម ការដំឡើងរបាំងដី ក៏ដូចជាការដុត និងកម្ទេចរថយន្តជាដើម។
យោងតាមការប៉ាន់ស្មានរបស់ក្រសួងការបរទេសលីបង់ ចន្លោះពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ២២ ខែធ្នូ អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវគោក និងតាមអាកាសជាង ៨១៦ លើក ប្រឆាំងនឹងប្រទេសលីបង់ ដោយបានបាញ់ផ្លោងលើភូមិព្រំដែន ផ្ទះត្រូវបានគេបង្កៃគ្រឿងផ្ទុះ បំផ្លាញសង្កាត់លំនៅដ្ឋានមួយចំនួន និងការបិទផ្លូវជាដើម។

