អាជ្ញាធរថៃបានប្រាប់ឲ្យដឹងថា ពួកគេរកមិនឃើញភស្តុតាងណាមួយ ដែលគាំទ្រដល់ការអះអាងរបស់អង្គការសហប្រជាជាតិ ដែលថា ធនាគារមួយចំនួន នៅក្នុងប្រទេសនេះ បានជួយរបបយោធាមីយ៉ាន់ម៉ាទិញគ្រឿងផ្គត់ផ្គង់ផ្នែកយោធា នៅឆ្នាំ២០២៣។
ធនាគារកណ្តាលថៃ និងការិយាល័យប្រឆាំងការសម្អាត់លុយកខ្វក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេបានចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ និងបានបញ្ជាឲ្យស្ថាប័នហិរញ្ញវត្ថុពិនិត្យមើលប្រតិបត្តិការមួយចំនួន បន្ទាប់ពីមានរបាយការណ៍ ក្នុងខែមិថុនា ឆ្នាំ២០២៤ ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
ស្ថាប័នទាំងនោះបានលើកឡើងថា៖ «ការស៊ើបអង្កេតបានរកឃើញថា ស្ថាប័នហិរញ្ញវត្ថុមួយចំនួន ពិតជាបានធ្វើប្រតិបត្តិការជាមួយបុគ្គលដែលមាននៅក្នុងរបាយការណ៍របស់ OHCHR មែន ប៉ុន្តែគ្មានភស្តុតាងណាមួយត្រូវបានរកឃើញដែលផ្សារភ្ជាប់ប្រតិបត្តិការទាំងនេះទៅនឹងលទ្ធកម្មអាវុធនោះឡើយ»។
គួរបញ្ជាក់ថា របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលមានចំណងជើងថា Banking On The Death Trade ពោលគឺជារបៀបដែលធនាគារ និងរដ្ឋាភិបាលអនុញ្ញាតឲ្យរបបយោធា នៅសហភាពមីយ៉ាន់ម៉ាធ្វើប្រតិបត្តិការ បានគូសបញ្ជាក់ពីការកើនឡើងចំនួន ៥ដងនៃការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាទៅលើគោលដៅជនស៊ីវិល ខណៈដែលរបបនេះកំពុងបាត់បង់បន្ទាយ ដែនដី និងកម្លាំងកងទ័ព ដោយសារកងកម្លាំងតស៊ូ។
របាយការណ៍នេះបានអះអាងថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ពោលគឺរបបយោធានោះ កំពុងពឹងផ្អែកលើធនធានសំខាន់ៗចំនួន២ ពីបរទេស នោះគឺអាវុធ និងលុយ។
របាយការណ៍នេះបានអះអាងថា៖ «ប្រទេសថៃបានក្លាយជាប្រភពនាំមុខគេនៃគ្រឿងផ្គត់ផ្គង់ផ្នែកយោធារបស់ SAC ដែលបានទិញតាមរយៈប្រព័ន្ធធនាគារអន្តរជាតិ។ «ការផ្ទេរអាវុធ និងសម្ភារៈពាក់ព័ន្ធផ្សេងៗ ពីក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងប្រទេសថៃ បានកើនឡើងទ្វេដងពីជាង ៦០លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ឆ្នាំ២០២២ ដល់ជាង ១២០លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ឆ្នាំ២០២៣»៕


